នៅរសៀលថ្ងៃសៅរ៍ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា និងក្រុមការងារសាខា អនុសាខា កាកបាទក្រហម រួមនឹងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្នុងនោះមកពីភូមិបឹងបាសាក់ ១៤គ្រួសារ, ភូមិរកាក្រោម ១៥គ្រួសារ , ភូមិរកាលើ ១១គ្រួសារ , ភូមិបឹងស្នាយ ៣គ្រួសារ និង នៅភូមិព្រែកជីក ៧គ្រួសារ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ពេលកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច ធ្វើអោយលំនៅដ្ឋាន និងផលដំណាំ ប្រជាពលរដ្ឋ ក្នុងសង្កាត់សំបួរមាស ត្រូវ រងការខូចខាត របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង ចំនួន ៧០ ខ្នង ។