
ក្រសួងពាណិជ្ជកម្ពុកម្ម កំពុងពិនិត្យលទ្ធភាព បង្កើតសភាពាណិជ្ជកម្ម សម្រាប់ខេត្តកែប
———————
នៅក្នុងកិច្ចប្រជុំ រវាងប្រតិភូក្រសួងពាណិជ្ជកម្ម ជាមួយរដ្ឋបាលខេត្តកែប និងអង្គភាពពាក់ព័ន្ធ ក្នុងខេត្ត នាសាលប្រជុំសាលាខេត្តកែបកាលព្រីរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម ម៉ៅ បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រុញដល់រដ្ឋបាលខេត្តកែប និងអង្គភាពពាក់ព័ន្ធសិក្សាពិនិត្យលទ្ធភាព ក្នុងការបង្កើតសភាពាណិជ្ជកម្មមណ្ឌលខេត្តកែប និងផ្សព្វផ្សាយ យន្តការភាពជាដៃគូរ រវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្ត ។
នៅក្នុងកិច្ចប្រជុំនោះ លោក វ៉ៅ សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ស្វាគមដោយ គូសបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តកែប បានយកចិត្តទុកដាកអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីបង្កើតបរិយាកាសល្អ សម្រាប់ការធ្វើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំង ជម្រុញការតាមដាន ស្ថានភាពថ្លៃទំនិញសំខាន់ៗ សម្រាប់បំរើអោយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងធ្វើរបាយការណ៍ជូនថ្នាក់ជាតិ ដើម្បីជាមូលដ្ឋាន តាមដាន វិភាគ វាយតម្លៃ និងមានវិធានការទប់ស្កាត់ អតិផរណាក្នុងករណីចាំបាច់ ។