
ទីតាំងអគារ របស់រដ្ឋចំនួន៤ រួមនឹងគ្រែពេទ្យ ចំនួន៨០០ ត្រូវបានរដ្ឋបាលខេត្តប៉ៃលិន រៀបចំជាមណ្ឌលចត្តាឡីស័ក ស្របតាមអនុសាសន៍សម្តេចតេជោ
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងឯកឧត្តម សៅសារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ មកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កចំនួន៤កន្លែង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។ នៅក្នុងកិច្ចចុះពិនិត្យមណ្ឌលចត្តាឡីស័កទាំង៤កន្លែងខាងលើនេះ ស្ថិតនៅក្នុងភូមិក្បាលព្រលាន១កន្លែង គឺនៅមជ្ឈមណ្ឌលអភិវឌ្ឍស្រ្តី របស់មន្ទីរកិច្ចការនារីខេត្ត (នៅ ចំណុចស្រែត្នោត) ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និង នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ , វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។