រាជធានីភ្នំពេញ៖នៅថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០២១នេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ និងដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី (New Normal) និងការត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្រសួងសូមណែនាំ ដូចខាងក្រោម៖
១. ត្រូវបានលើកទឹកចិត្តឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគ កូវីដ-១៩ សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុង ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។
២. ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាក ពិន័យទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ។
៣. កម្មករនិយោជិតដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង ៣កុំ” ជាពិសេសពាក់ម៉ាស់ លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងពេល ធ្វើដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬអាល់កុលដែលលាងដៃ។
ជាមួយគ្នានេះក្រសួងការងារជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្ត តាមសេចក្ដីណែនាំបន្ថែមនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕