(រតនគីរី)៖ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្រ្ដីសាលាខេត្តទាំងអស់ ដែលរៀបចំដោយរដ្ឋបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅបរិវេណសាលប្រជុំសាលាខេត្ត។
ថ្លែងក្នុងឱកាសសំណេះសំណាលនាឱកាសនេះ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ទោះបីពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងគ្រប់គ្នាមិនអាចទៅវត្តធ្វើបុណ្យ និងជួបជុំញាតិមិត្តជិតឆ្ងាយដូចឆ្នាំកន្លងទៅ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្ដែក្នុងពេលឈប់សម្រាករយៈពេល៣ថ្ងៃនេះ យើងអាចធ្វើបុណ្យជាមួយអ្នកមានគុណនៅផ្ទះ ដែលជាព្រះរស់ ជួបជុំគ្រួសារបែបមនុស្សតិច និងអាចដើរលេងកម្សាន្ដតាមរមណីយដ្ឋានធម្មជាតិនានា ប៉ុន្ដែត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល និងវិធានការ៣ការពារ ៣កុំតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ក៏បានផ្ដាំផ្ញើដល់មន្រ្ដីរាជការនៃសាលាខេត្តទាំងអស់ត្រូវប្រុងប្រយ័ត្នការពារខ្លួនអោយបានខ្ជាប់ខ្ជួនពីជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនេះ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរដល់មន្រ្ដីនៃសាលាខេត្តទាំងអស់ដែលបានខិតខំបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក និងត្រូវខិតខំប្រឹងប្រែងធ្វើការងារបន្ដទៀត ដើម្បីអោយសហគមន៍ និងប្រទេសជាតិរបស់យើងរីកចម្រើនទៅមុខបន្ដទៀត។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសជួបសំណេះសំណាលនាឱកាសនេះ មន្រ្ដីសាលាខេត្តទាំងអស់ទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តពីឯកឧត្តម ថង សាវុន ក្នុងម្នាក់១០ម៉ឺនរៀលផងដែរ៕