នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អញ្ជើញនាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចែកជូនគ្រួសារក្រីក្រ ចំនួន១០០គ្រួសារ រស់នៅក្នុងក្រុងបានលុង ដែលរងផលប៉ះពាល់ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ពិធីចែកអំណោយនេះប្រារព្ធធ្វើឡើងនៅបរិវេណ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង ក្រុមប្រឹក្សាឃុំសង្កាត់ ចៅសង្កាត់ ព្រមទាំងប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។
ថ្លែងក្នុងឱកាសនៃការជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូននាឱកាសនេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឯកឧត្តមបានបន្ថែមថា ចំពោះអំណោយដែលបាននាំមកជូននាពេលនេះ គឺបង្ហាញអោយឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលដល់ទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសម្រាប់បម្រើអោយការរស់នៅប្រចាំថ្ងៃរបស់បងប្អូន បានមួយរយៈ ដើម្បីអោយបងប្អូនអាចមានកម្លាំងបន្ដខិតខំប្រឹងប្រែងធ្វើការរកចំណូលបន្ដទៀត។
ឯកឧត្តមបានបន្តទៀតថា ជំងឺកូវីដ-១៩នេះវាបានផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងគ្រប់ៗគ្នា ដូច្នេះដើម្បីជីវភាពប្រសើរឡើងដូចមុនវិញ យើងត្រូវរៀនរស់តាមបរិបទថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុល ពាក់ម៉ាស់រាល់ពេលចេញទៅក្រៅផ្ទះ និងរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១ម៉ែត្រកន្លះ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បន្ដអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ ៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើងពីជំងឺដ៏កាចសាហាវនេះ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលចាក់វ៉ាក់សាំងដោយប្រការណាមួយ សូមអញ្ជើញរួសរាន់ទៅចាក់នៅតាមទីតាំង ដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីបង្កើនការការពារខ្លួនកាន់តែល្អពីជំងឺកូវីដ-១៩នេះ។
សូមបញ្ជាក់ផងដែរថាអំណោយរបស់រាជរដ្ឋាភិបាលដែលបាននាំមកជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ក្នុងបរិបទជំងឺកូវីដ-១៩នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ មុង១ ភួយ១ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕