នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៨ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញនាំយកបច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួនពីរ គឺវត្តរតនរង្សី ហៅវត្តបរកែវ និងវត្តសីមាសុវណ្ណគិរី ហៅវត្តអូរយ៉ាដាវ ដោយមានការអញ្ជើញចូលរួមពីសំណាកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុក និងមន្រ្តីសាលាខេត្តផងដែរ។
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំង ដើម្បីការពារដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងឈានទៅដល់ការបើកដំណើរការប្រទេសពេញលេញឡើងវិញនាពេលខាងមុខតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល។ ហេតុដូចនេះបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមិនអាចប្រារព្ធពិធីកាន់បិណ្ឌ នៅតាមទីវត្តអារាមដូចឆ្នាំកន្លងទៅឡើយ។ ឯកឧត្តមបន្ថែមថា រដ្ឋបាលខេត្តរតនគិរី ក៏បានរៀបចំជាបច្ច័យ និងទេយ្យវត្ថុសម្រាប់ប្រគេនជូនដល់វត្តនានា នៅក្នុងខេត្តរតនគិរី ដើម្បីរួមចំណែកផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃគ្រប់អង្គគ្រប់វត្ត និងអនុវត្តន៍ទៅតាមវិធានសុខាភិបាល ពិសេសនៅពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះ។ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចង់នាំយកចង្ហាន់ មកវេរប្រគេនព្រះសង្ឃ គឺអាចប្រគេនត្រឹមខ្លោងទ្វារវត្ត ប៉ុន្ដែត្រូវរក្សាគម្លាតសុវត្ថិភាពអោយបានឆ្ងាយ យ៉ាងតិច១ម៉ែត្រកន្លះ និងត្រូវអនុវត្តនូវវិធានការសុខាភិបាលនានា ព្រមទាំងត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី អោយបានខ្ជាប់ខ្ជួន និងត្រឹមត្រូវជាទីបំផុត ដើម្បីកុំឱ្យមានការឆ្លងមកខ្លួនឯង និងឆ្លងចូលទីវត្តអារាម។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរភូមិឃុំបន្ដអប់រំ ផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាពុទ្ធបរិស័ទ នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកុំអោយមានការឆ្លងជំងឺនេះចូលមកក្នុងវត្តអារាម ក៏ដូចជាសហគមន៍របស់យើង។
សូមបញ្ជាក់ផងដែរថាថវិកា និងទេយ្យវត្ថុដែលនាំយកមកប្រគេនព្រះសង្ឃគង់នៅវត្តទាំងពីរនៅពេលនេះ ក្នុងមួយវត្តទទួលបាន៖
-អង្ករចំនួន ១០០គីឡូ
-មីចំនួន ១កេសធំ
-ត្រីខចំនួន ១កេសធំ
– អំបិលចំនួន ១០គីឡូ
– បីចេងចំនួន ៣គីឡូ
– ទឹកត្រីចំនួន ៥យួរ
-ទឹកស៊ីអុីវចំនួន ២យួរ
-ស្ករសចំនួន ៥គីឡូ
-ប្រេងឆាចំនួន ៥លីត្រ
-តែចំនួន ២កញ្ចប់ធំ និងថវិកាចំនួន ១លានរៀល៕