ប៉ៃលិន ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្ដម លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ មន្រ្តីរាជការ មន្ទីរជុំវិញខេត្ត បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តអារាមនានាក្នុងខេត្តប៉ៃលិន នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រាបជូនថា នៅក្នុងបរិការណ៍កូវីដ១៩នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ មកម្លេះ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ ១៩ក្នុងសហគមន៍ និងដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
លោកជំទាវ អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋក៏អាចយកចង្ហាន់ ឬទេយ្យទានទៅប្រគេនព្រះចៅអធិការវត្ត ឬគណៈកម្មការវត្តបានដែរ ក៏ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនការជួបជុំប្រមូលផ្តុំមនុស្សច្រើន គ្រាន់តែចាត់ចែងតំណាង ឃុំ/ភូមិ ចូលរួមហើយបាន ។
ជាមួយគ្នានេះ លោកជំទាវ អភិបាលខេត្ត បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នា សូមមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩នេះ មកដល់សហមន៍របស់យើង។
លើសពីនេះទៀតលោកជំទាវក៏បានក្រើនរំលឹកអំពាវនាវដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ បងប្អូនប្រជាពលរដ្ឋត្រូវរៀនរស់ក្នុងបរិបទកូវីដ ១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩ និងបន្តរក្សាដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែស ។
សូមបញ្ជាក់ផងថា ៖ គ្រឿងឧបភោគ បរិភោគ ទេយ្យទាន ដែលប្រគេនជូន វត្តអារាមទាំង៣២វត្តនាពេលនេះ អង្ករ ,មី ,ត្រីខ , ទឹកត្រី ,ទឹកស៊ីអីវ ,ទឹកសុទ្ធ, ម៉ាស ,អាល់កុល ,និងបច្ច័យមួយចំនួនផងដែរ។