បើកកិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខសុវត្ថិភាពជូនទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយឯកឧត្តម វ៉ាង យី (wang Yi )ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយឯកឧត្តម វ៉ាង យី (wang Yi )ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

កិច្ចប្រជុំបានធ្វើឡើងនៅនាយកដ្ឋានអង្គរក្ស ថ្ងៃទី០៩ ខែកញ្ញា ដោយមានការចូលរួមពីប្រធាននាយករដ្ឋអង្គរក្ស និងមន្ត្រីស្ថានទូតចិនចូលរួមផងដែរ។

បើមិនមានអ្វីប្រែប្រួលទេ និងតាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វ៉ាង យី (WangYi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងមានជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅវិមានសន្តិភាពនាថ្ងៃទី១២ ខែកញ្ញា។

ឯកឧត្តម វ៉ាង យី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីប្រកាសប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជាប្រកាសឱ្យដឹងកាលពីយប់ថ្ងៃទី៨ខែកញ្ញាថា ឯកឧត្តម វ៉ាង យី (WangYi) រដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងប្រទេសបីប្រទេសផ្សេងទៀតក្នុងពេលឆាប់ៗនេះ។

ប្រភពស្ថានទូតចិនបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម ផាម ប៊ិញមិញ(Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី វៀតណាម និងឯកឧត្តម ប៊ូ ថាញ់ សន(Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាម, ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឯកឧត្តម Chung Eui-yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ឯកឧត្តមទីប្រឹក្សារដ្ឋ Wang Yi រដ្ឋមន្ត្រីការបរទេសចិននឹងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១០ដល់១៥ ខែកញ្ញា។ ឯកឧត្តម Wang Yi នឹងអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៣នៃគណៈកម្មាធិការបញ្ជាការកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាមជាមួយឯកឧត្តម Pham Binh Minh។

ប្រភពស្ថានទូតបានបន្ថែមថា ប្រទេសវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូងសុទ្ធតែជាប្រទេសជិតខាង និងជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ចិន។ ប្រឈមមុខជាមួយជំងឺវីរុសកូវីដ១៩ចិននិងប្រទេសជិតខាងបានជួយគ្នាទៅវិញទៅមករួមសុខរួមទុក្ខជាមួយគ្នាបានបោះជំហានទៅមុខក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសជាសកល និងការស្តារជាថ្មីក្រោយពីបញ្ចប់ជំងឺវីរុសកូវីដ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Wang Yi បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិនជូនចំពោះប្រទេសទាំងបួនក្នុងការលើកកម្ពស់ចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនិងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។

ក្នុងឱកាសនៃការបំពេញទស្សនកិច្ច ឯកឧត្តម Wang Yi នឹងពិភាក្សាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗដែលបានឯកភាពគ្នាដោយឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន ផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួនជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈររួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិបញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក៕

Leave a Reply