ប៉ៃលិន៖ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្របខណ្ឌទូទាំងខេត្តប៉ៃលិន ព្រមទាំង ក្រុម ការងារ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះតទៅ នៅមន្ទីរ ពេទ្យ បង្អែកខេត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ កុមារ និងយុវជន នៅមន្ទីរ ពេទ្យបង្អែកខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើក ឡើងថា៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរដោយយកចិត្តទុក ដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ជូនដល់ក្មួយៗដែលជាទំពាំងស្នង ឫស្សី ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ ក្រើនរំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋ គ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៍កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវ បន្តចូលរួម អនុវត្ត ឱ្យបាន ខ្ជាប់ ខ្ជួន នូវ វិធានការ នានា របស់ ក្រសួងសុខាភិបាល និង វិធាន ការណ៍ ការពារ ៣. ការពារ ៣. កុំ របស់ សម្តេច តេ ជោ ហ៊ុនសែន ដើម្បី កាត់ផ្តាច់ ការឆ្លង រាលដាល នៃជំងឺ កូ វីដ -១៩ នៅក្នុង សហគមន៍ របស់ យើង ។
សូមបញ្ជាក់ថា៖ នៅទូទាំងខេត្តប៉ៃលិន កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំដែលត្រូវចាក់វ៉ាក់សាំង មានចំនួន ១០០០៩នាក់ ក្នុងនោះក្រុងប៉ៃលិន ចំនួន ៥២២៣នាក់ និងស្រុកសាលាក្រៅ ចំនួន ៤៧៨៦នាក់ ហើយកន្លងមក រដ្ឋបាលខេត្ត បានជម្រាបជូនដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាលទាំងអស់នៅទូទាំងខេត្ត អោយនាំយកកូនចៅ ដែលមាន អាយុ ចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ មកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ បង្អែក ខេត្តប៉ៃលិន គឺចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តទៅ មានរយៈពេល ១៤ថ្ងៃ ដោយពេលព្រឹកចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ដល់ម៉ោង ១១៖០០ នាទី ពេលរសៀលចាប់ពីម៉ោង ២៖០០ នាទីរសៀល ដល់ម៉ោង ៥៖០០ នាទីល្ងាច។