យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅ ទ្រង់ទ្រាយធំលើកទី១ សម្រាប់ខេត្តរតនគិរី ចាប់ដំណើរការហើយគឺចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ខែឆ្នាំដ៏ដែល។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៤ ក្នុងក្រុងបានលុងប្រមាណជិត២ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនេះជាចំនួន ដ៏ច្រើនមួយដែលប្រជាពលរដ្ឋគ្រោង បានស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងនៅតាមមណ្ឌលចាក់វ៉ាក់សាំងនានា ដែលរដ្ឋបាលខេត្តរតនគិរីបានរៀបចំ ចំនួន២ទីតាំង គឺនៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ និងនៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលបានអញ្ជើញចុះពិនិត្យមើលនៅទីតាំងវិទ្យាល័យសម្តេចឪសម្តេចម៉ែ នាព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ មានប្រសាសន៍ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលខេត្តរតនគិរីទទួលបានពីរាជរដ្ឋាភិបាលជំហ៊ានទី១ គឺប្រភេទវ៉ាក់សាំងសុីណូហ្វាម និងសុីណូវ៉ាក់មានចំនួន៧ម៉ឺនដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋបានចំនួន ៣៥,០០០នាក់។ហើយរាជរដ្ឋាភិបាលនឹងផ្តល់ជូនជាបន្តបន្ទាប់ទៀតរហូតដល់គ្រប់ចំនួនប្រជាពលរដ្ឋក្នុងខេត្តដែលត្រូវចាក់វ៉ាក់សាំងនេះ។
ឯកឧត្តមអភិបាលខេត្តបានចាត់ទុកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺវីដ-១៩នាពេលនេះ គឺជាឧបករណ៍ដ៏សំខាន់ និងមានតម្លៃសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋដែលអាចជួយប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលក្នុងសហគមន៍រួមផ្សំជាមួយនឹងវិធានការរបស់ក្រសួងសុខាភិបាល គឺ៣ការពារនិង៣កុំផងដែរ។
នៅក្នុងឱកាសនោះឯកឧត្តមបានថ្លែងអំណរគុណអាជ្ញាធរសង្កាត់ទាំង៤ ក៏ដូចជាអាជ្ញាធរក្រុងបានលុង ដែលបានចូលរួមការងារយ៉ាងសកម្ម ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តក្នុងការជួយសម្របសម្រួល បងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងនៅតាមមណ្ឌលនានា ប្រព្រឹត្តទៅដោយរលូននិងមានរបៀបរៀបរយបានល្អ។
ឯកឧត្តមបានបន្តថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ឲរួចផុតពីការគំរាមកំហែង នៃជំងឺឆ្លងកូវីដ-១៩ ដែលនៅលើសកលលោក បាននឹងកំពុងមានការគំរាមកំហែង និងមានមនុស្សស្លាប់ដោយសារតែជំងឺនេះជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងការពារឲបានគ្រប់ៗគ្នា ដោយរក្សាគម្លាតឲបានត្រឹមត្រូវ ជៀសវាងការប្រមូលផ្តុំគ្នាដែលជាហេតុនាំអោយមានហានិភ័យនៃការចម្លងតៗគ្នា៕