ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរម្លឹកពីការចេញដំណើរឆ្ពោះទៅការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ១៩៧៧ គឺជាការចាប់ផ្តើមនៃចលនាតស៊ូមួយ គួបផ្សំនឹងចលនាតស៊ូនានាដើម្បីផ្តួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់ការកាប់សម្លាប់ ប្រល័យពូជសាសន៍ ទារុណកម្ម និងរបបទាសភាព ហើយផ្តល់ជូនប្រជាជនមកវិញនូវការរស់រានមានជីវិតសារជាថ្មី ជីវភាពថ្លៃថ្នូរ ព្រមទាំងដំណើរស្វែងរកសន្តិភាពយូរអង្វែងមួយ។
នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គឺជាខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកជីវិតទៅធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុកថា “កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុត ក្នុងការចេញដំណើរទៅធ្វើបេសកកម្មមួយដែលបានស្រោចស្រង់អាយុជីវិតប្រជាជន និងប្រទេសពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គឺនៅពេលនោះហើយ ដែលបុរសម្នាក់នោះត្រូវទុកប្រពន្ធ និងកូនជាទីស្រឡាញ់ស្មើរកែវភ្នែក និងបេះដូងដែលមិនទាន់បានឃើញពន្លឺថ្ងៃផង ដើម្បីទៅស្វែងរកការសង្រ្គោះជាតិនៅក្នុងកាលៈទេសៈ និងភាពប្រថុយប្រថានខ្ពស់បំផុត។
ការចាប់ផ្តើមដំណើរឆ្ពោះទៅការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ១៩៧៧ គឺជាការចាប់ផ្តើមនៃចលនាតស៊ូមួយ គួបផ្សំនឹងចលនាតស៊ូនានាដើម្បីផ្តួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់ការកាប់សម្លាប់ ប្រល័យពូជសាសន៍ ទារុណកម្ម និងរបបទាសភាព ហើយផ្តល់ជូនប្រជាជនមកវិញនូវការរស់រានមានជីវិតសារជាថ្មី ជីវភាពថ្លៃថ្នូរ ព្រមទាំងដំណើរស្វែងរកសន្តិភាពយូរអង្វែងមួយ”។
ឯកឧត្តមបន្តថា “ក្នុងការចងចាំនេះ គឺបានបង្កប់នូវអនុស្សាវរីយ៍ជាច្រើន សម្រាប់សម្តេចតេជោក្នុងនាមជាបុគ្គលផ្ទាល់ ដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាក និងអាក្រក់បំផុតក្នុងជីវិតរបស់លោក។ ការឈឺចាប់សែនវេទនានេះ កាន់តែធ្វើឱ្យលោកពិបាកទ្វេដងក្នុងការខាំមាត់សង្កត់ចិត្ត អត់ទ្រាំនឹងទង្វើដ៏ព្រៃផ្សៃទាំងឡាយដែលខ្លួនលោកផ្ទាល់ និងគ្រួសារដែលជាជនរងគ្រោះមួយ ក្នុងចំណោមក្រុមគ្រួសាររាប់លានផ្សេងទៀត បានជួបប្រទះ ដើម្បីផ្តោតស្រួចឆ្ពោះ ទៅការផ្តួលរលំរបបឃោឃៅមួយនេះ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់លោក។ ដោយសារការតាំងចិត្ត លះបង់ខ្ពស់ និងភាពវៃឆ្លាតក្នុងការក្តាប់សភាពការណ៍ទាំងក្នុង និងក្រៅប្រទេស ទើបបេសកកម្មដ៏សែនគ្រោះថ្នាក់ និងស្ទើរតែគ្មានសង្ឃឹមពីពេលចាប់ផ្តើម បានប្រែក្លាយទៅជាចលនារំដោះជាតិមាតុភូមិ ដែលបាននាំមកនូវការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ថ្ងៃ២ ធ្នូ ១៩៧៨ និងដែលនាំទៅដល់ជ័យជំនះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។ ផ្តើមចេញពីថ្ងៃ២០ មិថុនា ១៩៧៧ នោះហើយ ដែលដំណើរកម្ពុជាបានចាប់ផ្តើមវិលកង់ក្នុងជំហានស្វាហាប់ និងក្នុងតម្រាយផ្លូវភ្លឺស្វាងក្នុងការបង្របង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ប្រែក្លាយកម្ពុជាពីគំនរផេះផង់ និងភាពខ្ទេចខ្ទាំ ឆ្ពោះទៅរកកោះសន្តិភាព វឌ្ឍនភាព និងវិបុលភាព ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីៗដែលយើងបានឃើញ និងកំពុងរស់នៅក្នុងសព្វថ្ងៃ គឺកើតចេញពីការសម្រេចចិត្ត និងដាក់ចេញនូវទស្សនវិស័យច្បាស់លាស់របស់មេដឹកនាំកម្ពុជា ដែលកំពុងកាន់ចង្កូតនាវាយើងសព្វថ្ងៃនេះ”។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “សន្តិភាព គឺពិតជារតនសម្បត្តិដ៏មានតម្លៃវិសេសវិសាលមិនត្រឹមតែចំពោះថ្នាក់ដឹកនាំ និងយុទ្ធជននាសម័យកាលមុនប៉ុណ្ណោះទេ។ តែវារិតតែមានតម្លៃសម្រាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់កម្ពុជាថែមទៅទៀត។ ការរក្សាឱ្យបាននូវសុខសន្តិភាព គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់បំផុតរបស់កូនខ្មែរគ្រប់រូប ដើម្បីធានាថាអនាគតកម្ពុជា នឹងមិនអនុញ្ញាតឱ្យសោកនាដកម្ម ក្នុងអតីតកាលអាចមកយាយី គម្រាមកំហែងដល់សន្តិភាពដែលយើងមាននៅពេលនេះបានឡើយ ទោះជាក្នុងតម្លៃណាក៏ដោយ”។
សូមជម្រាបថា ថ្ងៃទី២០ មិថុនា ១៩៧៧ កម្ពុជាស្ថិតក្រោមការគ្រប់គ្រង របស់របបកម្ពុជាប្រជាធិបតេយ្យ ឬរបបវាលពិឃាត ឬរបបប្រល័យពូជសាសន៍ បានកាប់សម្លាប់ប្រជាជនកម្ពុជាយ៉ាងឃោរឃៅបំផុត។ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត បានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដែលដឹកនាំដោយបន ប៉ុល ពត ។
ដំណើរឆ្ពោះទៅមាគ៌ាសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានឆ្លងពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។ ការប្រារព្ធខួបលើកទី ៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះ ទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺអាយុជីវិតរបស់ជាតិទាំងមូល ពីព្រោះបើអត់មានថ្ងៃទី២០ មិថុនា ១៩៧៧ អត់មានយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ទេ ក៏អត់មានដែរថ្ងៃ ២ ធ្នូ , អត់មានទេថ្ងៃ ៧ មករា , ហើយវាអត់មានទេថ្ងៃទី៩ ធ្នូ ១៩៩៨។
ការប្រារព្ធពិធីនេះ គឺដើម្បីជាការដឹងគុណ ក្នុងគោលដៅដើម្បីគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលទទួលរងគ្រោះបាត់បង់អាយុជីវិតដោយអយុត្តិធម៌ ការកាប់សម្លាប់ បង្អត់អាហារ ការឈឺគ្មានថ្នាំព្យាបាល គោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ប្រជាជនកម្ពុជាដែលស្នេហាជាតិ ក្លាហាន ស្ម័គ្រចិត្តក្រោក ឡើងចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សបប្រជាជនកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕