ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ ចំនួន៥៤ខ្នង នៅក្នុងភូមិចំនួន១១ ស្ថិតក្នុងឃុំព្រែករំដេង រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារព្រែករំដេង និងផ្សារអូរលែង ស្ថិតក្នុងភូមិអូឡេង ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់ និងផ្អាកអាជីវកម្មផ្សារខាងលេី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវផែនការមួយចំនួន ដល់មន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំចងខ្សែហ៊ុំព័ទ្ធឲ្យបានត្រឹមត្រូវតាមខ្នងផ្ទះ ហើយត្រូវស្រាវជ្រាវរកកម្មករ កម្មការីនី ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ ដេីម្បីធ្វេីការពិត្រួតនិត្យសំណាក ហេីយបញ្ជួនពួកគាត់ទៅព្យាបាលឲ្យទាន់ពេលវេលា ។
ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវផែនការចំពោះការបិទខ្ទប់ផ្ទះ ត្រូវមានការអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដោយឡែកការផ្អាកអាជីវកម្មគ្រប់ប្រភេទនៅផ្សារ គឺត្រូវបិទទាំងស្រុង ដោយមិនត្រូវអនុញ្ញាតឲ្យមានការលក់ដូរ តាមការយល់ឃើញថា អ្នកគ្មានជំងឺ ឬមានជំងឺនោះទេ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការធ្វេីចត្តាឡីស័កយេីងសុខចិត្តអនុវត្តខុសមុខសញ្ញា តែប្រសើរជាងយើងបណ្តែតបណ្តោយឲ្យជំងឺកូវីដ-១៩ ឆ្លងរាតត្បាតទៅដល់ប្រជាពលរដ្ឋយើងក្នុងសហគមន៍ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យអនុវត្តតាមវិធានការ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលផងដែរ ៕