រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតរោងចក្រផលិតបេតុងកៅស៊ូដោយខ្លួនឯង ដើម្បីបម្រើដល់តម្រូវការបេតុងកៅស៊ូសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលកំពុងមានការអភិវឌ្ឍនៅទូទាំងប្រទេស ខណៈតម្រូវការបេតុងកៅស៊ូ ត្រូវបានបញ្ជាទិញពីក្រៅប្រទេស។
រោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) មួយកន្លែងដំបូងនេះ ត្រូវបានសាងសង់ឡើងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈនៅតំបន់នោះបាននិងកំពុងធ្វើការស្ថាបនាផ្លូវជាច្រើនខ្សែ ដើម្បីតភ្ជាប់គមនាគមន៍ដឹកជញ្ជូន។
ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រោងចក្រនេះនឹងតម្លើងរួចរាល់ជាស្ថាពរក្នុងរយៈពេល៣ខែខាងមុខនេះ ហើយនឹងមានសមត្ថភាពផលិតបេតុងកៅស៊ូបាន១២០តោន ក្នុងមួយម៉ោង ដើម្បីជួយសម្រួលដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់មានដូចជា៖ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣, ផ្លូវជាតិលេខ៤១ ជាដើមនេះ ឱ្យមានគុណភាព ប្រើប្រាស់បានយូរអង្វែង និងកាត់បន្ថយការចំណាយថវិកាជាតិ។ រោងចក្រនេះ ត្រូវបានតម្លើង និងបណ្តុះបណ្តាលបច្ចេកទេស ដោយក្រុមហ៊ុន សៀងហៃ ប្រទេសចិន។