ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះ ហាក់មានការកើនឡើង។
ឯកឧត្តម ឃួង ស្រេង បានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រសួងសុខាភិបាល បាននិងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបំផុត ជាមួយជំងឺកូវីដ១៩ ដែលកំពុងមានការឆ្លងរីករាលដាល នៅទូទាំងប្រទេសកម្ពុជា។
អភិបាលរាជធានីភ្នំពេញ បានថ្លែងថា «ប៉ុន្មានថ្ងៃនេះមានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ ខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនោះទេ»។