ភ្នំពេញ៖ សូមបងប្អូន សហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេអ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លានរៀល ទៅ៥លានរៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ នេះជាការលើកឡើងរបស់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌។
ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី២៦ ខែ ឧសភាឆ្នាំ ២០២១នេះ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថាការយកសំណាកចំពោះបុគ្គដែលមានការពាក់ព័ន្ធ ឬសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ គឺជាវិធានការសុខាភិបាលមួយ ដែលមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់ថា ចំពោះសកម្មភាពដែលកើតមាននៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ យោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ៥៧ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
ជាមួយគ្នាឯកឧត្តម បានក្រើនរំលឹកថា ចំពោះអ្នកផ្តើមគំនិត និងអ្នកចូលរួមបង្កការរារាំងដល់ការអនុវត្តវិធានការសុខាភិបាលខាងលើនេះអាចជាប់ពន្ធនាគាររហូតដល់ ៥(ប្រាំ)ឆ្នាំ យោងតាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕