ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ដើម្បីបង្កើតភាពស៊ាំនិងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។
សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាម ដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន៦លាន២ម៉ឺន៤ពាន់ដូសហើយ រួមមាន៖ វ៉ាក់សាំង Sinopharm ១.៧លានដូស វ៉ាក់សាំង Sinovac ៤លានដូស និងវ៉ាក់សាំងAstraZeneca ៣២៤,០០០ដូស៕