(រតនគីរី)៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងទីតាំងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅវិទ្យាល័យតេជោសែនត្រពាំងក្រហម ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
ការអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំ ដល់រដ្ឋបាលស្រុកកូនមុំ ត្រូវពិនិត្យទីតាំងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដោយធ្វើយ៉ាងណាត្រូវបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលរដ្ឋដែលមកធ្វើចត្តាឡីស័ក ឱ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគម្លាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឱ្យពួកគាត់សួរសុខទុក្ខ នៅឱ្យឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក ព្រោះថាបើសិនជាមិនមានការរៀបចំដាក់ឱ្យឆ្ងាយទេ គាត់នឹងទៅជិតអ្នកចត្តាឡីស័កជាមិនខាន។ ឯកឧត្តម បានបន្តណែនាំឱ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង ស្រូបយកខ្យល់អាកាស រៀបចំបន្ទប់ឱ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដើម្បីឱ្យគាត់មានអារម្មណ៍ មិនមានភាពធុញថប់ ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ។
គូសបញ្ជាក់ថា ការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានធ្វើការណែនាំ ដល់រដ្ឋបាលស្រុក ធ្វេីយ៉ាងណារៀបចំមណ្ឌលចត្តាឡីស័កអោយបានល្អ ដើម្បីត្រៀមលក្ខណៈជាស្រេច ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញចុះពិនិត្យមេីលទីតាំងសាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន ដែលមានទីតាំងនៅភូមិបី ឃុំត្រពាំងច្រេស ស្រុកកូនមុំ សម្រាប់អ្នកដែលបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩៕