នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី បានអញ្ជេីញនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចុះសួរសុខទុក្ខកុមារី មានឈ្មោះ ស.ធ.ត អាយុ ១៤ឆ្នាំ ដែលរងគ្រោះដោយការរំលោភសេពសន្ទវៈ និងប៉ុនប៉ងសម្លាប់ ក្នុងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំការក្រុមហ៊ុនហ័ងអាញ ត្រង់ចំណុចការដ្ឋានទី០៣ ស្ថិតនៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិតអាសូរ ដល់កុមារីរងគ្រោះ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយគ្នានេះដែរ ឯកឧត្តម ថង សាវុន បានសម្តែងនូវការសោកស្តាយ និងការអាណិតអាសូរដល់ក្មួយស្រីយ៉ាងខ្លាំង ដែលបានជួបរឿងអកុសលនេះ ហើយជូនពរអោយក្មួយស្រីឆាប់បានជាសះស្បើយដូចដើមវិញ។ ឯកឧត្តមក៏បាន កោតសរសើរដល់ក្រុមគ្រួពេទ្យ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះក្មួយស្រីបានទាន់ពេលវេលា។ ថ្វីត្បិតតែក្មួយស្រីរងគ្រោះស្ថិតក្នុងស្ថានភាពធូរស្បើយបន្តិចក៏ពិតមែន តែឯកឧត្តមប្រធាន បានផ្តាំផ្ញើបន្ថែមជាមួយក្រុមគ្រូពេទ្យ ក៏ដូចជាអាណាព្យាបាល សូមបន្តយកចិត្តទុកដាក់មើលថែក្មួយស្រីអោយបានល្អបន្តទៀត។
សូមបញ្ជាក់ផងដែរថាអំណោយដែលបាននាំមកជូននាពេលនេះរួមមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកដោះគោឆៅ២យួរ ទឹកពិសារ១កេស និង ថវិកា ៥លានរៀលផងដែរ៕