ភ្នំពេញ:អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាការទាមទារនិងការថ្កោលទោសរបស់អ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប)អំពីការកាត់ទោសសកម្មជន៣នាក់ គឺគ្មានទម្ងន់ផ្នែកច្បាប់ ឬមានសម្ពាធទៅលើតុលាការនោះទេ។
ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើឡើងបន្ទាប់ពីអ្នកជំនាញអ.ស.ប នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២១ បានធ្វើការថ្កោលទោសចំពោះការសម្រេចផ្តន្ទាទោសសកម្មជនបីរូបដាក់ពន្ធនាគាររយៈពេលរហូតដល់ ២០ ខែ ហើយបានជំរុញឱ្យរដ្ឋាភិបាលដោះលែងពួកគេជាបន្ទាន់និង ដោយគ្មានលក្ខខណ្ឌ ។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់ AMS ថាការចេញសេចក្តី ថ្លែងការណ៍ថ្កោលទោស ឬចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អ្នកជំនាញអ.ស.ប គឺគ្មានទម្ងន់ផ្នែកច្បាប់ ឬមានសម្ពាធទៅលើតុលាការនោះបានទេហើយក៏មិនអាចជួយដល់សកម្មជនទាំង៣នាក់ដែលជាជនជាប់ចោទនេះបានដែរ។ មានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនោះទេ ដោយស្វែងរកភស្តុតាងសក្ខីកម្ម មូលដ្ឋានផ្លូវច្បាប់ឲ្យបានរឹងមាំ ដើម្បីតតាំងជាមួយនឹងបទចោទ ធ្វើការដោះបន្ទុកតាមផ្លូវតុលាការ ទើបជាមធ្យោបាយស្របច្បាប់ ដាក់អាចការពារដល់សកម្មជនទាំងបីរូបនេះបាន។
សកម្មជនទាំងបីនាក់រួមមាន : ១. ឈ្មោះ ថុន រដ្ឋា ,២. ឈ្មោះ ឡុង គន្ធា និងឈ្មោះ ភួន កែវរស្មី ដែលជាសមាជិកអង្គការមាតាធម្មជាតិ (អិម អិន ស៊ី) ត្រូវបានចាប់ខ្លួនក្នុងខែកញ្ញា ឆ្នាំ២០២០ ត្រូវបានចោទប្រកាន់តាម មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សកម្មជន ឡុង គន្ធា មានអាយុ ២២ឆ្នាំ និង ភួន កែវរស្មី មានអាយុ ១៩ឆ្នាំ ហើយអ្នកទាំងពីរ ត្រូវបាន ផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ខែ ពី “បទញុះញង់ បង្កឱ្យ មានភាពវឹកវរ ធ្ងន់ធ្ងរ ដល់សន្ដិសុខ សង្គម” តាមបញ្ញត្តិ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងពិន័យ ជាប្រាក់ ម្នាក់ៗ ចំនួន ៤លានរៀល ។ សកម្មជនទី៣គឺ ឈ្មោះ ថុន រដ្ឋា អាយុ ២៩ឆ្នាំ ត្រូវបាន ផ្ដន្ទាទោស ដាក់ពន្ធនាគារ ២០ខែ និងពិន័យ ជាប្រាក់ ចំនួន ៤លាន រៀល ក្រោមបទ ចោទដូចគ្នា ។
សកម្មជន២នាក់ផ្សេងទៀត គឺឈ្មោះ Alejandro Gonzalez-Davidson សញ្ជាតិ អេស្ប៉ាញ និងជាស្ថាបនិក នៃចលនាមាតាធម្មជាតិ ត្រូវបាន ផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ខែ និងឈ្មោះ ជា គន្ធីន ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ខែ ។ អ្នកទាំងពីរត្រូវបានពិន័យជាប្រាក់ម្នាក់ៗ ចំនួន ៤លាន រៀលដូចគ្នា៕