ខេត្ដកំពង់ចាម៖ ក្នុងឱកាសនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង ចំនួន ៩០គ្រួសារ នៅស្រុកព្រៃឈរ និងស្រុកកងមាស នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយកអំណោយ ដែលទទួលបានក្នុងឱកាសនេះ ទៅជួសជុលកសាងលំនៅឋានឡើងវិញ ហើយបន្តប្រកបមុខរបរទទួលទាន និងធ្វើការបង្កបង្កើនផលឲ្យទាន់រដូវវស្សានេះផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀង ខ្យល់ ផ្គរ រន្ទះ ព្រោះកត្តាធម្មជាតិទាំងនេះវាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ចំពោះអាយុជីវិតមនុស្ស និងសត្វ ឬទ្រព្យសម្បត្តិផ្សេងៗ ជាពិសេសកូនចៅតូចៗ កុំឲ្យចេញនៅក្រៅផ្ទះ ឬនៅទីវាល ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ជាពិសេស ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ដែលបាននិងកំពុងយាយីដល់អាយុអាយុជីវិតមនុស្សគ្រប់ស្រទាប់វណ្ណៈ ។
គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅទីតាំង២ផ្សេងគ្នា ក្នុងនោះ ១០គ្រួសារ នៅក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និង ៨០គ្រួសារទៀត មកពីឃុំទាំង៦ ក្នុងស្រុកកងមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើង និងរបើកដំបូលផ្ទះកាលពីល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១ ដោយមានអង្ករ មី ទឹកត្រី ស៊ីអ៊ីវ ត្រីខ មុង ភួយ សារុង ក្រមា អាវ និងថវិកាមួយចំនួនទៅតាមទំហំនៃការខូចខាត ដែលមានកំរិតធ្ងន់ និងស្រាល ផងដែរ ៕