ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មេឃុំចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិអនុភូមិ និងមន្ត្រីសុខាភិបាល ដែលជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការដេីរតួរគ្រប់គ្រងពលរដ្ឋចំណូលស្រុក ដើម្បីបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កតាមការកំណត់ ដូច្នេះយើងត្រូវទាមទារធ្វេីយ៉ាងណា ត្រូវជំរុញឲ្យតួរអង្គទាំង៤នេះ បន្តសហការគ្នា ដើម្បីដាក់ចេញជាសកម្មភាពមកភ្លាមដឹងភ្លាម និងគ្រប់គ្រងទាន់សភាពការណ៍ ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលេីកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រៅពីការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋជាម្ចាស់មូលដ្ឋាន ក៏ជាតួរអង្គមួយយ៉ាងសំខាន់ផងដែរ ក្នុងការរាយការណ៍ទៅអាជ្ញាធរ នៅពេលមានពលរដ្ឋចំណូលស្រុក ឬអ្នកចំឡែកចូលមក ព្រោះគាត់យល់ថាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាកតព្វកិច្ចមួយ ដែលអាចរួចផុតពីការបិទខ្ទប់ភូមិទាំងមូលរបស់គាត់ទៀតផង ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំ ឲ្យរដ្ឋបាលក្រុង-ស្រុក ក៏ដូចជាឃុំ-សង្កាត់ ទាំងអស់ ត្រូវបន្តពង្រឹងការគ្រប់គ្រងពលរដ្ឋចំណូលស្រុក និងបន្តការផ្សព្វផ្សាយអំពីសារអប់រំនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ឲ្យបានទូលំទូលាយដល់គ្រប់មូលដ្ឋានផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖ ១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ២. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។
និង៤. បញ្ហាផ្សេងៗ ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕