ខេត្ដកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយ មន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមធ្វើចត្តាឡីស័ករបស់រដ្ឋបាលស្រុកចំការលេី និងពិនិត្យស្ថានភាព បិទខ្ទប់ភូមិរយៈពេល១៤ថ្ងៃ ដេីម្បីធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លេីកម្មករសំណង់ និងកម្មការិនីនៅរាជធានីភ្នំពេញ អ្នកទាំង២រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលេី ដែលជាហេតុនាំឲ្យមានការបិទខ្ទប់ភូមិមហា និងភូមិស្វាយទាប ស្ថិតក្នុងឃុំស្វាយទាប និងបិទខ្ទប់ បន្ទប់ពិគ្រោះព្យាបាលជំងឺ វេជ្ជបណ្ឌិត ប៉ោ រដ្ឋា ស្ថិតក្នុងឃុំតាប្រុក ស្រុកចំការលេីផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទាំង២នាក់ឪពុកកូនខាងលេី ដោយមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើនផងនោះ អាជ្ញាធរបានសម្រេចធ្វើការបិទខ្ទប់ភូមិ ដេីម្បីធ្វើចត្តាឡីស័ក ដោយមានកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដាក់ខ្សែហ៊ុំព័ទ្ធ ធ្វើការយាមកាម និងមិនអនុញ្ញាតឲ្យធ្វេីដំណើរពីផ្ទះមួយទៅផ្ទះមួយ ឬឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ត្រឹមរយៈពេល១៤ថ្ងៃ ប្រសិនជាគ្មានអ្នកវិជ្ជមានកូវីដ-១៩ ទេនោះ គឺអាជ្ញាធរនឹងបេីកឲ្យធ្វើដំណើរជាធម្មតាឡើងវិញ ។
ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋាននេះដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន សម្រាប់អាជ្ញាធររៀបចំឲ្យមានការលក់ដូរនូវម្ហូបអាហារ ដែលជាតម្រូវការប្រចាំថ្ងៃ ក្នុងនោះអាជ្ញាធរត្រូវប្រើប្រាស់វិធី២យ៉ាង គឺ៖
ទី១-ត្រូវបង្កើតឲ្យមានកន្លែងសម្រាប់លក់ដូរត្រីសាច់បន្លែនៅក្បែរព្រំប្រទល់ដែលបានហ៊ុំព័ទ្ធ ហើយអនុញ្ញាតឲ្យមនុស្សតែម្នាក់ទេក្នុង១គ្រួសារ សម្រាប់ចេញមកទិញស្បៀងអាហារ និងក្នុង១សប្តាហ៍ អនុញ្ញាតឲ្យបានយ៉ាងច្រើនតែ៣ដងប៉ុណ្ណោះ ដោយអាជ្ញាធរត្រូវចេញកាតសម្គាល់ឲ្យជាបន្ទាន់សម្រាប់ប្រេីប្រាស់ ។
ទី២-ត្រូវអនុញ្ញាតឲ្យមានការលក់ដូរចល័ត តាមរម៉កម៉ូតូ ឬយានជំនិះអ្វីផ្សេង ចូលទៅក្នុងភូមិ ប៉ុន្តែត្រូវណែនាំឲ្យអ្នកលក់ដូរទាំងអស់ ត្រូវពាក់ម៉ាស ពាក់របាំងមុខការពារ និងប្រេីប្រាស់ស្រោមដៃ ព្រមទាំងប្រេីប្រាស់ទឹកអាកុលសម្រាប់លាងសម្អាតជាប្រចាំទៀតផង ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តចូលរួមជាមួយអាជ្ញាធរ ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពោលគឺត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះពីសហគមន៍ ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលេី ត្រូវមកយកសំណាកនៅមន្ទីរពេទ្យដែលនៅជិតបំផុត ដេីម្បីធ្វើពិនិត្យផងដែរ ៕