ប្រមុខរាជរដ្ឋាភិបាលៈ ទោះបីជាលំបាកដោយសារជំងឺកូវីដ ក៏នៅតែបន្តខិតខំរក្សាការងារដែលមានស្រាប់ជូនកម្មករ

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិត ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

ភ្នំពេញៈប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិត ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

ចំណុចបញ្ជាក់នេះបានបង្ហាញឡើងនៅក្នុងសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “សន្តិភាព សុខភាព និងការងារ”។

សម្តេចតេជោបានមានប្រសាសន៍ថា ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្ត ជាសកលជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សមកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេទើបមានការអភិវឌ្ឍ ការបង្កើតការងារ និងស្ថិរភាពការងារក្នុងបរិបទជំងឺកូវីដ-១៩។

សម្តេចបានបញ្ជាក់ទៀតថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ ក៏ដោយរាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋដែលនាំឱ្យផលប៉ះពាល់ លើចំនួនការងារស្ថិត ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ជាក់ស្ដែង រោងចក្រ សហគ្រាសចំនួន ១១០៣ បានបើកដំណើរការថ្មី ដែលផ្តល់ការងារដល់កម្មករនិយោជិតសរុបជាង៦ម៉ឺននាក់បន្ថែម។ លើសពីនេះ ចំនួនរោងចក្រ សហគ្រាស ដែលបានព្យួរកិច្ចសន្យា ការងារបានធ្លាក់ចុះពីចំណុចកំពូលនៅខែមិថុនា ឆ្នាំ២០២០ ពីចំនួន ៤៣៣ ស្មើនឹងកម្មករ និយោជិតជាង១៥ម៉ឺននាក់ មកត្រឹម ១៥០រោងចក្រ សហគ្រាស ស្មើនឹងកម្មករជាង២ម៉ឺននាក់ គិតត្រឹមដំណាច់ ឆ្នាំ២០២០ និងបន្តធ្លាក់ចុះជាបណ្តើរៗផងដែរ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានចុះឈ្មោះ ស្វែងរកការងារចំនួន ១៧២០១នាក់,បានផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំង ពលកម្មចំនួន ១៨៤៨០៨នាក់ និងបានបន្តជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិឃុំ។

ទាក់ទងទៅសកម្មភាពស្វែងយល់ពីទុក្ខលំបាករបស់កម្មករនិយោជិតនិងផ្សារភ្ជាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា “កន្លងទៅនេះដើម្បីជំរុញការអនុវត្តគោលនយោបាយស្តីពី ការអភិវឌ្ឍវិស័យឧស្សាហកម្ម ខ្ញុំផ្ទាល់ បានចុះជួបជាមួយបងប្អូនកម្មករនិយោជិត បានចំនួន៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត១លាននាក់ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ដែលតាមរយៈជំនួប ទាំងនេះ បានរកឃើញបញ្ហាមួយចំនួន និងបានដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើនជាពិសេស អនុសាសន៍១០ចំណុច ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ហើយខ្ញុំនឹងបន្តសកម្មភាពនេះជារៀងរហូតនៅក្នុងតំណែងរបស់ខ្ញុំ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែខ្ញុំក៏សូមការអធ្យាស្រ័យ ដែលនៅឆ្នាំ២០២១នេះ យើងមិនអាចរៀបចំការជួបជុំដូចសព្វដងដោយសារការរីក រាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងសុខភាពសាធារណៈ សេចក្តីសុខនិងអាយុជីវិត ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទាំងសកលលោក។”

រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូន ប្រជាពលរដ្ឋក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥,គោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម “ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅក្នុងស្មារតី ឯករាជ្យ”។

ទាក់ទងនឹងទិវាពលកម្មអន្តរជាតិ ១ឧសភានេះដែរ សម្តេចតេជោ បានរំលឹកថា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបីឆ្នាំនេះប្រទេសជាតិយើង និងពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឱ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ។ ដោយសារតែរាជរដ្ឋាភិបាលអាចបន្តរក្សា និងការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ទើបប្រទេសជាតិយើងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ៕

Leave a Reply