ភ្នំពេញៈនៅក្នុងអត្ថបទមួយសរសេរនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងកូវីរដ-១៩ សម្រាប់បុគ្គលអាយុចាប់ពី ១៨ឆ្នាំឡើង នៅខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ បាននិងកំពុងតែដំណើរការចាប់ពីថ្ងៃទី០១ ខែឧសភានេះតទៅ។ ការចាត់ចែងរៀបចំសម្របសម្រួលជូនបងប្អូន និងការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ គឺមានការទទួលខុសត្រូវរៀបចំចាត់ចែងចាក់ដោយអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ មានកិច្ចសហការសម្របសម្រួលដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាននៅតាមខណ្ឌនីមួយៗ។
លោកជំទាវបន្តថា វ៉ាក់សាំងស៊ីណូរ៉ាក់ និងស៊ីណូហ្វាម ចំនួន៩០ម៉ឺនដូស (សម្រាប់ដូសទី១ និងដូសទី២) ត្រូវបានប្រគល់ជូនទៅអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយ គ.វ.ក-១៩ រួចហើយដែរ។ អាជ្ញាធរមូលដ្ឋាន នឹងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនីមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្ស ដែលអាចជាការបង្កហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលនេះ ក៏បាននិងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនមានអាយុ១៨ឆ្នាំឡើង ដែលរស់នៅក្នុងខណ្ឌទាំង៤នេះ បានទទួលវ៉ាក់សាំងកូវីដ-១៩ នេះ គ្រប់ៗគ្នារួចរាល់ទាំង២ដូស មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលដដែល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមខណ្ឌទាំង៤ខាងលើ មេត្តារក្សាសណ្ដាប់ធ្នាប់ល្អ មានវិន័យ ត្រឹមត្រូវ រក្សាបាននូវវិធានការការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី១,៥ម៉ែត្រឡើង) ជាចាំបាច់ មានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗប្រសិនបើមិនទាន់ដល់ជនរបស់ខ្លួនទេនោះ មិនត្រូវមកប្រជ្រៀតគ្នា សូមមេត្តារង់ចាំដល់វេន ដល់ថ្ងៃកំណត់ដែល រៀបចំដោយអាជ្ញាធរមូលដ្ឋាន ចៀសវាងការមកជាន់ពេលគ្នានៅថ្ងៃតែមួយ ធ្វើឱ្យមានការកកកុញមនុស្សច្រើន ដែលអាចចម្លងជំងឺកូវីដ-១៩ បានគ្រប់ពេលវេលានៅទីកកកុញនោះ និងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ហើយនឹងត្រូវចងចាំថា “យើងមកទទួលយកវ៉ាក់សាំងកូវីដ-១៩ មិនមែនមកទទួលយកវីរុសកូវីដ-១៩ មុនពេលបានចាក់វ៉ាក់សាំងនោះឡើយ”។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដើម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កាត់បន្ថយបាននូវអត្រាសម្រាកពេទ្យ និងអត្រាស្លាប់ ដែលបណ្តាលមកពីការវាយលុកនៃសត្រូវអត់ស្រមោលកូវីដ-១៩ នៅក្នុងសរីរាង្គកាយរបស់យើង ហើយយើងក៏មិនចង់មកទទួលយកការចម្លងវីរុសកូវីដ-១៩ នៅកន្លែងដែលប្រជ្រៀតគ្នា ដើម្បីចាក់វ៉ាក់សាំងនេះដែរ។ សុខភាពរបស់បងប្អូន គឺបានមកពីការអនុវត្តការការពារផ្ទាល់ខ្លួន ដោយមិនមានអ្នកណាអាចជួយធ្វើជំនួសបានឡើយ ការឆ្លងជំងឺកូវីដ-១៩ ឬមិនឆ្លងអាស្រ័យលើបុគ្គលផ្ទាល់ដែលជាអ្នកអនុវត្តនូវវិធានការការពារកុំឱ្យមានការចម្លងវីរុសកូវីដ-១៩។
លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តាំផ្ញើថា បុគ្គល គឺជាអ្នកការពារសុខភាពដ៏ចំណានម្នាក់ សម្រាប់ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពបុគ្គលផ្ទាល់ខ្លួនឯង រីឯគ្រូពេទ្យ គឺគ្រាន់តែជាអ្នកជួយសង្គ្រោះអាយុជីវិតបុគ្គលណាម្នាក់។នៅពេលដែល បុគ្គលនោះ មានជំងឺ ឬកំពុងតែឈឺហើយតែប៉ុណ្ណោះ ជួនកាលជួយបានរួចផុតពីសេចក្តីស្លាប់ ជួនកាលជួយមិនបាន ក៏មានការស្លាប់បាត់បង់ជីវិត។ វីរុសកូវីដ-១៩ នេះ នឹងបន្តរស់នៅជាមួយយើងជាយូរអង្វែងទៀត ដែលតម្រូវឱ្យបុគ្គលម្នាក់ៗ ត្រូវចេះរស់នៅធម្មតាតាមបែបគន្លងថ្មី និងមិនត្រូវមានការធ្វេសប្រហែសនោះឡើយ៕