ក្រូចឆ្មារ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សម្រេចបិទខ្ទប់ ទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាបណ្តោះអាសន្ន ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាច្រើននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មី ។
នេះបើយោងតាមសេចក្តីសម្រេច របស់ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ និង ចេញផ្សាយជាសាធារណៈ នៅព្រឹកថ្ងៃទៅ៣០ ខែមេសា ឆ្នាំ២០២១ នេះ ។
សេចក្តីសម្រេចនេះ ក៏មានការលើកលែងផងដែរ ចំពោះការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលអនុញ្ញាតឲ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច និង ការធ្វើដំណើរដោយសារមានបញ្ហាសុខភាពបន្ទាន់ ជាដើម ។
គួររម្លឹកថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានជូនព័ត៌មានទៅកាន់ប្រជាពលរដ្ឋ ដែល រស់នៅក្នុងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថា យោងលទ្ធផលធ្វើតេស្តរហ័សកូវីដ-១៩ (Rapid Tes) ខេត្តត្បូងឃ្មុំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី លើបុរសជនជាតិខ្មែរ ចំនួន៣នាក់ ។
អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣នាក់នោះ រួមមាន ១.ឈ្មោះ តាំង ឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ,ទី២ ឈ្មោះ តាំង ប៊ូទី ភេទប្រុស អាយុ ៣០ឆ្នាំ ,និងទី៣. ឈ្មោះ តាំង ជីហាង ភេទប្រុស អាយុ ១៨ឆ្នាំ ។ អ្នកទាំង៣នាក់នេះ រស់នៅភូមិដីដុះ ឃុំប៉ីស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ ។
រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកដែលបានប៉ះ ពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានំងឺកូវីដ-១៩ទាំង៣នាក់ខាងលើ សូមរួសរាន់ធ្វើ ចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជា ដាច់ខាត ៕