ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយជាសម្ភារ និងថវិកាពីសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ និងជូនពរដល់ សប្បុរសជន ដែលបានគាំទ្រឧបត្ថម្ភ ជាសម្ភារ និងថវិកា ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយក៏ជាការជួយរំលែកទុក្ខលំបាក និងការខ្វះខាត របស់បងប្អូនពលករចំណូលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ ។
គួរបញ្ជាក់ផងដែរថា ពិធីប្រគល់ និងទទួលអំណោយនេះ ដោយលោក ឈុន ស្រ៊ា និងលោកស្រី អ៉ីម គង់ ម្ចាស់ស្ថានីយប្រេងឥន្ធនៈតេលាសាខាខេត្តកំពង់ចាម បានជួយឧបត្ថម្ភ អង្ករ២តោន ទឹកបរិសុទ្ធ៥០កេស ម៉ាស១ម៉ឺនម៉ាស អាល់កុល៧កាន និងមីម៉ាម៉ា ចំនួន៥កេសធំ និងថវិកាចំនួន១ពាន់ដុល្លារអាមេរិកផងដែរ ៕