ខេត្ដកំពង់ចាម៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៨ ខែមេសា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឲ្យវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១នេះ ទោះបីជាត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាពរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការផ្តល់ជំនួយសង្រ្គោះ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ” ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យពង្រឹងភាពជាម្ចាស់ការរបស់សាខា-អនុសាខាក្រុង-ស្រុក ក្នុងការត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍ ។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ឲ្យមានតម្លាភាព និងគណនេយ្យភាពផងដែរ ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានជំរុញដល់អ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ បន្តសហការ ក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយនូវវិធានការ ” ៣ការពារ ៣កុំ និង២ចូលរួម ” របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការ ការណែនាំនានា របស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូរ៉ូណាបម្លែងថ្មី និងរួមគ្នាបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជន សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ក៏ដូចជា ត្រៀមឆ្លើយតប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបការលំបាកក្នុងជីវភាពប្តចាំថ្ងៃ ក្នុងទូទាំងខេត្តកំពង់ចាមផងដែរ ៕