សុន្ទរកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ថ្លែង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៧ របស់ UN-ESCAP “​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​”

សុន្ទរកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ថ្លែង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៧ របស់ UN-ESCAP “​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​”

​ទីក្រុង​បាងកក​, ថ្ងៃទី ២៦ – ២៩ ខែ មេសា ឆ្នាំ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​

-​លោកជំទាវ អារ​មី​ដា សាល់​ស៊ី​យ៉ា អា​លី​សចា​បា​ណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ប្រធាន ESCAP;
-​ឯកឧត្តម​, លោកជំទាវ​, លោក​, លោកស្រី​!

​ថ្ងៃនេះ​, ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ជា​អនេក ដោយបាន​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៧ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) ក្រោម​ប្រធានបទ “​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​” ។ ​

​សេដ្ឋកិច្ច​សកល​ឆ្នាំ ២០២១ នេះ ទោះបី​ត្រូវបាន​រំពឹងថា​នឹង​ងើបឡើង​វិញ ប៉ុន្តែ យើង​នៅតែ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ខ្ពស់ ដោយសារ​ហានិភ័យ​នៃ​ការវិល​ត្រលប់​មកវិញ​នូវ​រលក​ថ្មីៗ​នៃ​ជំងឺ​នេះ ជាពិសេស តាមរយៈ​ការ​បំប្លែង​ខ្លួន​លឿន​លើសពី​ការរំពឹងទុក​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​បន្ត​រំខាន​ដល់​ជវភាព​សេដ្ឋកិច្ច ។ ទន្ទឹមនេះ​, គម្លាត​​នៃ​ការទទួលបាន​វ៉ាក់សាំង​រវាង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​អភិវឌ្ឍន៍ ក៏​អាច​បង្ក​ជា​ហានិភ័យ និង​រាំងស្ទះ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​តំបន់ និង​សកល ពោលគឺ មាន​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​ងើប​ឡើង​វិញ​បាន​ប្រសើរ ខណៈដែល​ប្រទេស​ភាគច្រើន​ផ្សេងទៀត​បន្ត​រង​ផលប៉ះពាល់​ទាំង​ក្នុង​ផ្នែក​សុខាភិបាល និង​ផ្នែក​សេដ្ឋកិច្ច ។

​ក្នុង​បរិការណ៍​នេះ​, ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ការ​ង្រឹ​ង​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​សុខា​ភិបាល គឺជា​ការងារ​អាទិភាព​បំផុត​សម្រាប់​យើងទាំងអស់គ្នា ។ កម្ពុជា​សូម​គូសបញ្ជាក់​ពីសា​រៈ​-​សំខាន់ និង​ភាព​បន្ទាន់​នៃ​ការបែងចែក និង​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​សមធម៌ និង​ថ្លៃ​សមរម្យ ជា​ពិសេស សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ។ ជាមួយគ្នានេះ​, កម្ពុជា​សូម​អំពាវនាវ​ដល់​ប្រទេស​មួយចំនួន កុំ​ប្រមូល​ទិញ​វ៉ាក់សាំង​លើស​តម្រូវការ​របស់ខ្លួន (hoarding) និង​សូមកុំ​ឱ្យមាន​ការប្រើប្រាស់ វ៉ាក់សាំង​ជា​ឧបករណ៍​នយោ​បាយ (vaccine politics) ។ ឆ្លៀត​ក្នុងឱកាស​នេះ​, ខ្ញុំ​សូម​លើកឡើង​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​មួយចំនួន ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ ដូចខាងក្រោម​៖

(១). បន្ត​ជំរុញ និង​គាំទ្រ​គោលការណ៍​សកលភាវូបនីយកម្ម តាមរយៈ​ការបើកចំហ​ពាណិជ្ជកម្ម​អន្តរជាតិ​ឱ្យ​កាន់​តែ​ទូលំទូលាយ និង​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម​ឱ្យ​កាន់តែ​ខ្លាំងក្លា ព្រមទាំង​ផ្តល់​ភាព​អនុ​-​គ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ធានាថា​ផលប្រយោជន៍​ដែល​កើតចេញពី​សកលភាវូបនីយកម្ម​ត្រូវបាន​វិភា​ជ​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព ។

(២). ជំរុញ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ដោយ​ផ្តល់​អាទិភាព​ដល់​ការកសាង​រដ្ឋាភិបាល​ឌីជីថល និង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ ព្រមទាំង លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល​ឱ្យបាន​ទូលំ​-​ទូលាយ ដែល​នេះ​នឹង​ដើរតួ​ជា​ចន្ទល់​កំណើនសេដ្ឋកិច្ច​ថ្មី ព្រមទាំង​ចូលរួមចំណែក​លើកកម្ពស់​ភាព​ប្រកួត​-​ប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ។​

(៣). ជំរុញ​កសាង​ភាព​ធន់​ផ្នែក​សង្គម ដោយ​ផ្ដោតលើ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​, លើកកម្ពស់​សេវា​សុខ​ភាព​សាធារណៈ និង​ប្រព័ន្ធ​គាំពារ​សង្គម ទាំង​គុណភាព និង​វិសាលភាព ដើម្បី​ត្រៀមខ្លួន​ឆ្លើយតប​ទៅនឹង​វិបត្តិ ឬ​ហានិភ័យ​នានា ដែល​អាច​កើតឡើង​ជាយថាហេតុ​នាពេល​អនាគត ព្រមទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស ។​

(៤). ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​លើកកម្ពស់​កិច្ចដំណើរការ​អាជីវក​ម្ម​ក្នុង​សេដ្ឋកិច្ច​ផ្លូវ​ការ និង​ធានា​ការទទួលបាន​ការគាំទ្រ ទាំង​ផ្នែក​គោលនយោបាយ និង​ហិរញ្ញប្បទាន ក៏ដូចជា​បច្ចេកទេស​គ្រប់​គ្រង ដើម្បី​ជំរុញ​ការតភ្ជាប់​ទៅនឹង​ច្រវាក់​ផលិតកម្ម និង​ការបម្រើ​ដល់​ឧស្សាហកម្ម​ធំៗ ។ ទន្ទឹមនេះ​, បង្កើន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​គ្រប់គ្រង​គ្រោះ​ធម្មជាតិ ដើម្បី​កសាង​ភាព​ធន់​ទៅនឹង​វិបត្តិ​, ធានា​ចីរភាព និង​បរិ​យា​ប័ន្ន​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ។

​ជារួម​, កម្ពុជា​ជឿជាក់ថា​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​ទាមទារ​ឱ្យ​យើង​ទាំងអស់គ្នា​ត្រូវ​ឆ្លើយតប​ជាបន្ទាន់ និង​ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​សកល ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព រួមទាំង​កិច្ចសហការ និង​ការគោរព​គ្នា​ទៅវិញ​ទៅមក ។

​ជា​ចុងបញ្ចប់​, ខ្ញុំ​សូម​ជូនពរ​ឱ្យ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៧ នេះ ទទួលបាន​ផ្លែផ្កា​ជាទី​មោទនៈ ។​

Leave a Reply