(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិការសាលាសំណាក់ ព្រមទាំងសមិទ្ធផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់X-១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំទីនេះ ជាតំបន់ប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ នៃកម្ពុជា ដើម្បីឆ្ពោះទៅរកការរំដោះជាតិចេញពីភ្នក់ភ្លើងសង្គ្រាម រហូតទទួលបានសន្ដិភាព។
សូមជម្រាបដែរថា ជាមួយនឹងការរៀបចំតំបន់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន នៅតំបន់X-១៦ ឃុំកោះថ្មនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមរៀបចំឲ្យមានកម្មវិធីទស្សនកិច្ចសិក្សាដែលមានឈ្មោះថា «គុណធម៍ប្រវត្តិសាស្ត្រ» ជាទីតាំងដែលផ្តើមសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសផងដែរ។
បើតាមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ កម្មវិធី«គុណធម៍ប្រវត្តិសាស្ត្រ»នេះ ធ្វើឡើងដើម្បីឲ្យសិស្សានុសិស្សជាយុវជនជំនាន់ក្រោយ ជាសសរទ្រូងប្រទេសជាតិ បានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតប្រាកដ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនទាំងអស់ ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិ ជាគុណតម្លៃនៃសន្តិភាព ចារជាប់ជាប្រវត្តិសាស្ត្រ ក្នុងបេះដូងកូនខ្មែរគ្រប់រូប គ្រប់ៗជំនាន់៕