ខេត្ដកំពង់ចាម៖ ព្រះនាគមុនីមេគណខេត្តកំពង់ចាម ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសប្បុរសជននានា នៅសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកថវិកា និងសំភារៈ ប្រគល់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។
គួរបញ្ជាក់ថា ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ ដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បានដឹកនាំកៀងគរ និងឧបត្ថម្ភ ទឹកក្រូច ចំនួន៣០កេស ទឹកបរិសុទ្ធ ២០០កេស និង៥០០យួរ ។
លោក នួន គងសល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បាននាំយកអំណោយរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន៣ពាន់ដុល្លារអាមេរិក ។ លោកស្រី លាង ស្រ៊ី ឧបត្ថម្ភ មី៣០កេស ទឹកបរិសុទ្ធ ៣០កេស និងម៉ាសចំនួន២៥០០ម៉ាស ។ លោកស្រី ចាន់ គឹមហេង និងក្រុមគ្រួសារ ឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ចំនួន២លានរៀល ។ លោក គឹម ហេង និងលោកស្រី ឧបត្ថម្ភ មីចំនួន ៤កេសធំ ទឹកបរិសុទ្ធ៥០កេស និងម៉ាសចំនួន៣កេសធំ ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរព្រះគុណ ចំពោះព្រះនាគមុនីមេគណខេត្តកំពង់ចាម និងថ្លែងអំណរគុណចំពោះសប្បុរសជននានា ជាពិសេស ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានគាំទ្រជួយឧបត្ថម្ភ ទាំងថវិកា និងផ្នែកសំភារៈ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់បងប្អូនពលករចំណូលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ ៕