ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យការសម្រេចបានប្រមាណជា៨០% នៃដំណេីរការកែលំអ អតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលកំពុងធ្វើការកែលំអអតីតសណ្ឋាគារមេគង្គ ធ្វេីយ៉ាងណាត្រូវពន្លឿនការងារនេះឲ្យបានឆាប់រួចរាល់ ទាំងមានគុណភាព និងសោភណភាព ក្នុងនោះត្រូវរៀបចំបន្ទប់សម្រាប់បុគ្គលិកពេទ្យប្រចាំការ និងបន្ទប់សម្រាប់អ្នកជំងឺ ដោយមានការរៀបចំបណ្តាញទឹក និងភ្លើងថ្មីឡេីងវិញ ព្រមទាំងសំអាតបរិស្ថានក្នុងអគារ និងទីធ្លានៅខាងក្រៅ ឲ្យបានស្អាតល្អ ដេីម្បីប្រែក្លាយសណ្ឋាគារមេគង្គនេះ ឲ្យក្លាយទៅជាមន្ទីរពេទ្យ ប្រកបដោយជំនឿនិងការជឿទុកចិត្ត សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
គួរបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ បានរីករាលដាលដល់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមផងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ឲ្យយកទីតាំងធ្វើចត្តាឡីស័កនៃសណ្ឋាគារមេគង្គ ដែលមានចំនួន៧១បន្ទប់ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាល អ្នកវិជ្ជមានជំងឺកូវីដ-១៩ ។
ដោយឡែកបងប្អូនពលករចំណូលស្រុក និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារមេគង្គនេះ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កបន្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមវិញផងដែរ ៕