ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយអនុប្រធានអចិន្ត្រៃយ៍សាខា, មន្ត្រីរាជការសាលាខេត្ត, អាជ្ញាធរស្រុកចំការលើ, មន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក,ក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣ នង ៤៥ នាទី រសៀល ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ បណ្តាល អោយរបើកដំបូលក្បឿង ដំបូលសង្កសី ផ្ទះប្រជាពលរដ្ឋ ចំនួន ៤០ខ្នង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយមានការខូចខាតលំនៅដ្ឋានរបស់បងប្អូនបែបនេះ ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” ពិសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ខ្សែចម្លង កុំអោយជម្ងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលគ្រួសារ និងសហគមន៍ យើង ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖
អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត ២ ។
ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ ចំនួន ៤ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល – អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល៕