អភិបាលខេត្តត្បូងឃ្មុំជម្រុញដល់អាជ្ញាធរស្រុកទាំង៦ ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់លើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីខេត្តមួយទៅខេត្តមួយ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការជម្រុញដល់អាជ្ញាធរស្រុកទាំង៦ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តផ្សេងៗ ត្រូវបន្តអនុវត្តឲ្យបានម៉ើងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ក្នុងខេត្ត ពិសេសការធ្វើដំណើរចេញ-ចូល ខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការជម្រុញដល់អាជ្ញាធរស្រុកទាំង៦ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តផ្សេងៗ ត្រូវបន្តអនុវត្តឲ្យបានម៉ើងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ក្នុងខេត្ត ពិសេសការធ្វើដំណើរចេញ-ចូល ខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។


ការជម្រុញយ៉ាងដូច្នេះក្នុងឳកាស ដែលឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំអញ្ជើញសំណេះសំណាលនិងបាបបន្តផ្តល់ស្បៀងអាហាររួមមានមី ១២០កេស ទឹកសុទ្ធ១២០កេស អង្ករ២៤បេ និងថវិកា៣លាន៥០ម៉ឺនរៀល ដល់អាជ្ញាធរស្រុកទាំង៦គឺ ស្រុកត្បូងឃ្មុំ, ស្រុកក្រូចឆ្មារ, ស្រុកតំបែរ, ស្រុកមេមត់, ស្រុកពញាក្រែក និងស្រុកអូររាំងឪ នៅសាលាខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានថ្លែងថា ជាមួយនឹងការរឹតបន្តឹងនេះ អាជ្ញាធរស្រុកក៏ត្រូវពិនិត្យមើលផងដែរចំពោះប្រជាពលរដ្ឋដែលចេញចូលរកស៊ីប្រចាំថ្ងៃដែលមានភូមិផងក្បែរគ្នា បើអាចអនុគ្រោះត្រូវអនុគ្រោះដោយតម្រូវឲ្យអាជ្ញាធរមូលដ្នាន បញ្ជាក់ឲ្យបានច្បាស់លាស់។ ឯកឧត្តមបណ្ឌិតបានថ្លែងបន្តថា បន្ថែមពីនេះអាជ្ញាធរភូមិ-ឃុំ ក៏ត្រូវតាមដានជាប់ជាប្រចាំ បើមានករណីលួចឆ្លងចូលមកមូលដ្ឋានរបស់ខ្លួន ដោយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការផ្លូវច្បាប់ ឬបញ្ជូនពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃជាបន្ទាន់។


ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានចូលរួមអនុវត្តគ្រប់គ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេសគឺអនុវត្តតាមការវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនូវវិធានការណ៍«៣កុំ និង៣ការពារ»។


ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជំរុញនិងក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត រាល់វិធានការនានាដែលបានដាក់ចេញ ដោយសហការឲ្យបានល្អជាមួយមន្រ្តីប្រចាំការតាមព្រំប្រទល់នីមួយៗ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការលួចឆ្លងដែនពីខេត្តត្បូងឃ្មុំ ទៅខេត្តផ្សេង និងពីខេត្តផ្សេង ចូលមកកាន់ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេសទាំងមូល៕

Leave a Reply