រាជធានីភ្នំពេញ៖ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ចំពោះប័ណ្ណចាក់វ៉ាក់សាំងលើកទី១ប្រើប្រាស់ជាឯកសារសំខាន់សម្រាប់អ្នកដែលត្រូវចេញទៅទទួលចាក់វ៉ាក់សាំងលើកទី២ ។សម្រាប់ប័ណ្ណចាក់វ៉ាក់សាំងបង្កាជំងឺកូវី-១៩លើកទី២វិញគឺគេក៏មិនអាចប្រើចេញចូលតំបន់បិទខ្ទប់បានឡើយ។
ពាក់ព័ន្ធក្នុងរឿងនេះឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ឱ្យដឹងថា៖សម្រាប់អ្នកដែលទទួលការចាក់វ៉ាក់សាំងទាំងពីរលើករួចហើយនោះ គឺពុំអាចប្រើប្រាស់ប័ណ្ណនេះ ជាមូលហេតុនៃការធ្វើដំណើរក្នុង ឬចេញចូលតំបន់បិទខ្ទប់បានឡើយ លើកលែងតែមានការជូនដំណឹងពីក្រសួងសុខាភិបាលក្នុងការផ្តល់លក្ខខណ្ឌអនុគ្រោះនេះនាពេលណាមួយ។
គួរបញ្ជាក់ថាបន្ទាប់ពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ រួចមក ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរជាច្រើនកន្លែង ទាំងក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួន បានសម្រេចបិទខ្ទប់ភូមិសាស្ត្ររបស់ខ្លួន រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីកុំឱ្យរីករាលដាលបន្តទៀត៕