ខេត្ដកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសានេះ បានចេញសេចក្តីណែនាំ ស្តីពីការផ្អាកជាបណ្តោះអាសន្នរយៈពេល ០២សប្ដាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានគ្រឿងស្រវឹងក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ-ភេសជ្ជៈដែលមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
សេចក្តីណែនាំនេះ បានធ្វើឡើងដោយយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកការលក់គ្រឿងស្រវឹងទូទាំងប្រទេស និងស្ថានភាពនៃការឆ្លងរីករាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។
សេចក្តីណែនាំដដែលបានឲ្យដឹងថា ស្ថិតក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ» ដែលកំពុងបន្តឆ្លងរីករាលដាលពីសហគមន៍មួយទៅសហគមន៍ទៀត និងដើម្បីធានាការពារអាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងអនុវត្តទៅតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធជាធរមាន រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការជាបន្តបន្ទាប់សំដៅឱ្យបងប្អូន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្តាច់ខ្សែចម្លង និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។
តាមរយៈការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញនាពេលកន្លងមក រដ្ឋបាលខេត្តកំពង់ចាម បានសង្កេតឃើញថាមាន បងប្អូនភាគច្រើនបានចូលរួមជាមួយ រដ្ឋបាលខេត្ត តែនៅមានបងប្អូនមួយចំនួនតូច នៅមិនទាន់បានចូលរួមអនុវត្ត ថែមទាំងបំពានគោលការណ៍ណែនាំ ដូចជាមិនបានអនុវត្តកាតព្វកិច្ចពាក់ម៉ាស ការរក្សាគម្លាត លួចប្រមូលផ្ដុំជួបជុំពិសារគ្រឿងស្រវឹង និងធ្វេសប្រហែសមិនអនុវត្តតាមវិធានការ «៣កុំ ៣ការពារ» ដែលបានបង្កហានិភ័យខ្ពស់ និងឱកាសនៃការចម្លងជំងឺកូវីដ-១៩ ពីសហគមន៍មួយ ទៅកាន់សហគមន៍អូទៀត៕