ឯកឧត្ដម ជិន ម៉ាលីន៖ ការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ក្នុងគោលដៅការពារអាយុជីវិតពលរដ្ឋ និងសុខភាពសាធារណៈ មិនមែនជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សនោះទេ

ឯកឧត្ដម ជិន ម៉ាលីន ក្នុងនាមអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ចេញមុខមកពន្យល់នូវសំណួរ ថាតើការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សដែរឬទេ?

(ភ្នំពេញ)៖ ឯកឧត្ដម ជិន ម៉ាលីន ក្នុងនាមអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ចេញមុខមកពន្យល់នូវសំណួរ ថាតើការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សដែរឬទេ?

ឯកឧត្ដម ជិន ម៉ាលីន បានសរសេរនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា ការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ក្នុងគោលដៅការពារអាយុជីវិតពលរដ្ឋ និងសុខភាពសាធារណៈ មិនមែនជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សនោះទេ ដោយហេតុផលចំនួន៣៖

ទី១. ផ្អែកលើការអនុវត្តជាអន្តរជាតិ និងយុត្តិសាស្រ្តរបស់តុលាការអន្តរជាតិ ប្រទេសប្រជាធិបតេយ្យធំៗមួយចំនួន បានដាក់ចេញវិធានការនេះ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ទៅលើក្រុមមនុស្ស ក្រុមគោលដៅ និងតំបន់មួយចំនួនដែលមានហានិភ័យខ្ពស់ ក្នុងគោលដៅការពារអាយុជីវិតរបស់ពលរដ្ឋគេ។ ចំណែកឯតុលាការសិទ្ធិមនុស្សអឺរ៉ុបវិញ នាពេលថ្មីៗនេះ ក៏បានសម្រេចផងដែរថា វ៉ាក់សាំងកាតព្វកិច្ច គឺមានភាពចាំបាច់ ក្នុងការការពារសុខភាពសាធារណៈ ទោះបីការសម្រេចនេះផ្តោតលើវ៉ាក់សាំងកុមារក៏ដោយ ក៏ការសម្រេចនេះវានឹងក្លាយជាយុត្តិសាស្រ្តថ្មីមួយសម្រាប់ការសម្រេចរបស់តុលាការអន្តរជាតិ លើករណីសំណុំរឿងផ្សេងៗទៀតពាក់ព័ន្ធវ៉ាក់សាំងកាតព្វកិច្ចនេះផងដែរ នាពេលក្រោយ។

ទី២. ផ្អែកលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ រដ្ឋអាចកំហិតសិទ្ធិសេរីភាពមួយចំនួន ដែលជាសិទ្ធិមិនដាច់ខាតរបស់ពលរដ្ឋបាន ដូចជាការជួបជុំ ដើរហើរ ប្រមូលផ្តុំ ការសម្តែងមតិ រួមទាំងសិទ្ធិនៃការសម្រេចចិត្ត និងឯកជនភាពបុគ្គលផងដែរ ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈ រួមមាន សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខភាពសាធារណៈជាដើម។ល។ ហើយដែលត្រូវធ្វើឡើងដោយច្បាប់ ក្នុងកាលៈទេសៈចាំបាច់បំផុត និងជាបណ្តោះអាសន្ន។

ទី៣. ផ្អែកលើបទដ្ឋានសិទ្ធិមនុស្សជាតិរបស់កម្ពុជា ជាពិសេសរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលជាច្បាប់កំពូល ក៏អនុញ្ញា​តផងដែរ ឱ្យមានការកំហិតនិងកំណត់ព្រំដែន នៃសិទ្ធិមួយចំនួនរបស់ពលរដ្ឋ ដែលត្រូវធ្វើឡើងដោយច្បាប់ ក្នុងកាលៈទេសៈចាំបាច់បំផុត និងក្នុងគោលដៅការពារ និងថែរក្សាប្រយោជន៍សាធារណៈ។

Leave a Reply