ត្បូងឃ្មុំ)៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩។
អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចយ៉ាងដូច្នេះថា «ត្រូវបានបិទការចេញ-ចូល ជាបណ្ដោះអាសន្នក្នុងទីតាំងភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍២០កុម្ភៈ ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានសេចក្ដីសម្រេចជាថ្មី»។
របាយការណ៍របស់អាជ្ញាធរ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីមួយរូបឈ្មោះ ហ៊ី ណា អាយុ៣៦ឆ្នាំ រស់នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ស្ត្រីខាងលើ និងស្វាមីឈ្មោះ ប៉ក់ ចាន់ថន បានទៅលេងកូនជាអ្នកលក់ដូរ នៅផ្សារអូរឬស្សី (រាជធានីភ្នំពេញ) និងបានវិលត្រឡប់មកដល់ផ្ទះវិញនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
ដោយមានអាការៈមិនស្រួលខ្លួន នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ប្ដីរបស់គាត់បានឌុបគាត់មកសុំយកសំណាក និងធ្វើចត្តាឡីស័ក នៅមណ្ឌលស្រុកពញាក្រែក ហើយសំណាករបស់គាត់មានលទ្ធផលវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្នស្ត្រីខាងលើ ត្រូវបានយកទៅព្យាបាលមន្ទីរពេទ្យបង្អែកពញាក្រែក។
ទន្ទឹមនឹងនេះ តាមការស្រាវជ្រាវបឋម មានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៧នាក់ ស្រី១០នាក់ និងអ្នកប៉ះពាល់ប្រយោលកំពុងធ្វើការស្រាវជ្រាវបន្ដ៕