ខេត្ដកំពង់ចាម៖ បន្ទាប់ពីទទួលបានការណែនាំ ដ៏ខ្ពស់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេច លេខ ៤៤សសរ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ នៅគោលដៅក្រុងកំពង់ចាម និងស្រុកបាធាយ ។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការអនុវត្តសេចក្តីសម្រេចនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ និងអនុវត្តតាមសេចក្តីណែនាំ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្ត និងខេត្ត ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយ ពិសេស ពីតំបន់ដែលមានហានិភ័យខ្ពស់ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ប៉ុន្តែត្រូវអនុញ្ញាតឲ្យធ្វើដំណើរ ចំពោះអ្នកដែលមានលិខិតបញ្ជាក់ពីមូលហេតុចាំបាច់មួយចំនួន តែត្រូវវាស់ស្ទង់កម្តៅឲ្យបានត្រឹមត្រូវផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់អំណោយជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ដែលកំពុងឈរជើងនៅក្នុងគោលដៅទាំង ២៣កន្លែង ដោយក្នុង ១គោលដៅ ទទួលបាន ម៉ាសចំនួន ១.០០០ម៉ាស ជែលលាងដៃ ១០ដប មី៥កេស ទឹកសុទ្ធ ៥កេស អង្ករ ១០០គ.ក្រ ប្រដាប់វាស់កំដៅ ១គ្រឿង និងថវិកា ចំនួន ១លានរៀល ផងដែរ ។
គួរបញ្ជាក់ថា ផ្អែកតាមផែនការរួម របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម គឺបានកំណត់គោលដៅត្រួតពិនិត្យ ចំនួន២៣គោលដៅ នៅក្នុងក្រុង-ស្រុកចំនួន៨ ពោលគឺ ជាគោលដៅ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ ក្នុងនោះមាន៖ ក្រុងកំពង់ចាម មានចំនួន ១គោលដៅ ស្រុកបាធាយ មានចំនួន ២គោលដៅ ស្រុកជើងព្រៃ មានចំនួន ១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន ៥គោលដៅ ស្រុកកងមាស មានចំនួន ២គោលដៅ ស្រុកកោះសូទិន មានចំនួន ២គោលដៅ ស្រុកចំការលើ មានចំនួន ៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន ៥គោលដៅ ។
ក្នុងនោះឯកឧត្ដម អ៊ុន ចាន់ដា ក៏បានចាត់ឲ្យឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅផ្សេងៗ និងផ្ដល់ជាអំណោយផងដែរ ៕