ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីរាជរដ្ឋាភិបាល លេខ៤៤សសរ ចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ និងអនុវត្តតាមសេចក្តីណែនាំចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្តនឹងខេត្ត ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈការការចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយ ពិសេសពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់យើង។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋាលក្រុង-ស្រុក យកចិត្តទុកដាក់ការអនុវត្តសេចក្តីសម្រេចឱ្យទទួលបានជោគជ័យ ក្នុងរយៈពេល២សប្តាហ៍នេះ ដោយធ្វើយ៉ាងណានៅតាមគោលដៅនីមួយៗ។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ចាក់ថាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានដាក់គោលដៅត្រួតពិនិត្យនៅស្រុក-ក្រុងទាំង៨ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ មានចំនួន ២៣គោលដៅ ក្នុងនោះ៖ ស្រុកបាធាយ ចំនួន២គោលដៅ ស្រុកជើងព្រៃ ចំនួន១គោលដៅ ស្រុកស្រីសន្ធរ ៥គោលដៅ ស្រុកកងមាស ចំនួន០២គោលដៅ ក្រុងកំពង់ចាម ចំនួន១គោលដៅ ស្រុកកោះសូទិន ២គោលដៅ ស្រុកចំការលើ ចំនួន ០៤គោលដៅ និងស្រុកស្ទឹងត្រង់ ចំនួន០៥គោលដៅ៕