នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណេីរដោយ លោក អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ បានអញ្ជេីញចុះពិនិត្យស្ថានភាពជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង៨គីឡូម៉ែត្រ ទទឹង៧ ម៉ែត្រ ចាប់ពីចំណុចភ្នំវែង ចន្លោះពីស្រុកអូរជុំ និងស្រុកតាវែង ហេីយផ្លូវមួយខ្សែនេះចាប់ផ្តេីមជួសជុលនៅដេីមខែមីនា នឹងគ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១ នេះ ។
មានប្រសាសន៍នាឱកាសនេះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាភាពងាយស្រួល ក្នុងការដឹក សម្ភារឧបភោគបរិភោគ និងសម្ភារសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ ។ ដើម្បីដំណើរការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យឯកឧត្តមអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។
ទាក់ទងនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយមនុស្សស្លាប់របួស ពិការជារៀងរាល់ថ្ងៃ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរ មិនលើសល្បឿនកំណត់ បើពុំនោះទេបងប្អូននឹងត្រូវទទួលការផាកពិន័យ។
ឆ្លើយតបនឹងសភាពការណ៍នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងមានការឆ្លងរាតត្បាត ជំងឺកូវីដ-១៩ ក្នុងសហគមន៍ ឯកឧត្តម ថង សាវុន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋស្រុកតាវែងទាំងអស់ បន្តការថែរក្សាការពារខ្លួនហើយមិនមានការចាំបាច់ទេសូមកុំធ្វើដំណើរទៅខេត្តផ្សេង ពីព្រោះខេត្តមួយចំនួនកំពុងមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនូវ វិធានការ៣កុំ ៣ការពារ ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ។ ដោយឡែកឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ម៉ាស់ចំនួនមួយកេសធំ ជូនដល់រដ្ឋបាលស្រុកតាវែង ដេីម្បីប្រេីប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងផងដែរ៕