(រតនគីរី)៖ កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគីរី បានចេញសេចក្តីជូនដំណឹង អំពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន១ករណី នៅស្រុកតាវែង ខេត្តរតនគីរី លើបុរសជនជាតិខ្មែរ ឈ្មោះ ញឹក សុខជា ភេទប្រុស អាយុ៣១ឆ្នាំ ដែលបានធ្វើដំណើរ មកពីស្រុកចិត្របុរី ខេត្តក្រចេះ ដោយផ្អែកលើលទ្ធផលការធ្វើវត្ថុវិភាគពីមន្ទីរពិសោធន៍។ ភ្លាមៗបន្ទាប់ពីរដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹង ក្នុងកាលបរិច្ឆេទខាងលើ មន្ទីរពិសោធន៍ក៏បានផ្តល់ព័ត៌មានជាថ្មី ដោយលទ្ធផលពីការប្រែប្រួលពីវិជ្ជមាន មកអវិជ្ជមានវិញ។
រដ្ឋបាលខេត្តរតនគីរី បានបញ្ជាក់ថា ដើម្បីមានភាពច្បាស់លាស់ មន្រ្តីជំនាញបានយកសំណាកធ្វើតេស្តលើកទី២ ព្រមទាំងអនុវត្តវិធានការចាំបាច់នានាក្នុងល្បឿនមួយដើម្បីអាចគ្រប់គ្រងសភាពការណ៍បាន កាត់ផ្តាច់ការចម្លង និងរកឃើញអ្នកពាក់ព័ន្ធទាំងអស់ ក្នុងករណីវិជ្ជមានអាជ្ញាធរអាចគ្រប់គ្រងមិនអោយសភាពការណ៍ធ្ងន់ធ្ងរ។ ដូច្នេះរហូតមកទល់ពេលនេះ នៅខេត្តរតនគីរីពុំមានករណីវិជ្ជមានកូវីដ១៩ឡើយ…។
រដ្ឋបាលខេត្តរតនគីរី សូមអំពាវនាវសារជាថ្មី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ និង៣ការពារ” ដែលជាអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ កុំអោយមានការឆ្លងរីករាលដាល ក្នុងសហគមន៍យើង…។