ឯកឧត្ដម ជិន ម៉ាលីន សម្តែងការហួសចិត្តចំពោះសង្គមស៊ីវិលមួយចំនួន ស្នើឲ្យអ្នករាយការណ៍ពិសេសថ្មី ចាត់វិធានការក្តៅមកលើកម្ពុជា

ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា បានសម្ដែងការហួសចិត្ត ចំពោះអង្គការសង្គមស៊ីវិលមួយចំនួន ដែលស្នើឲ្យអ្នករាយការណ៍ពិសេសថ្មីលោកសាស្រ្តាចារ្យ Vitit Muntarbhorn ចាត់វិធានការក្តៅមកលើកម្ពុជា។

(ភ្នំពេញ)៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា បានសម្ដែងការហួសចិត្ត ចំពោះអង្គការសង្គមស៊ីវិលមួយចំនួន ដែលស្នើឲ្យអ្នករាយការណ៍ពិសេសថ្មីលោកសាស្រ្តាចារ្យ Vitit Muntarbhorn ចាត់វិធានការក្តៅមកលើកម្ពុជា។

ឯកឧត្ដម ជិន ម៉ាលីន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ប្លែកៗសង្គមស៊ីវីលស្រុកខ្ញុំ ស្នើឲ្យអ្នករាយការណ៍ពិសេសថ្មីចាត់វិធានការក្តៅមកលើកម្ពុជា។ តើអ្វីទៅជាវិធានការក្តៅដែលគេស្នើនេះ? សង្ស័យតែច្រឡំថា អ្នករាយការណ៍ពិសេសនេះ មានអាណត្តិនិងអំណាច ដូចក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិទេមើលទៅ បានជាសុំឲ្យប្រើវិធានការក្តៅយ៉ាងដូច្នេះ មកលើកម្ពុជាដែលជារដ្ឋអធិបតេយ្យ»

ឯកឧត្ដម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា កម្ពុជាស្វាគមន៍និងរំពឹងទុកបីចំណុច ពីអ្នករាយការណ៍ពិសេសថ្មីនេះ ក្នុងកិច្ចសហការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា៖

១. អាចធ្វើកិច្ចសហការ បានប្រកបដោយភាពស្មោះត្រង់ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា រួមមាន៖ រដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវីល ព្រមទាំងក្រុមដែលមាននិន្នាការប្រឆាំងផងដែរ។

២. ធ្វើការសិក្សា ស្រាវជ្រាវ វិភាគ វាយតម្លៃ ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្រកបដោយវិជ្ជាជីវៈ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជំនាញការឯករាជ្យ ជាជាងជាអ្នកនយោបាយ និងត្រូវផ្អែកទៅលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិ ស្ថានភាពជាក់ស្តែង និងបរិបទរបស់កម្ពុជាផងដែរ ជាជាងផ្អែកលើរបៀបវារៈនិងនិន្នាការនយោបាយផ្ទាល់ខ្លួន។

៣. អនុវត្តបានត្រឹមត្រូវ នូវតួនាទីភារកិច្ចរបស់ខ្លួន ដែលតម្រូវដោយអណត្តិ នៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោល ការណ៍ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស អព្យាក្រឹត្យភាពផ្នែកនយោបាយ ការគោរពគ្នាទៅវិញទៅមក ការគោរពនូវអធិបតេយ្យភាពរបស់រដ្ឋ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ៕

Leave a Reply