(រតនគីរី)៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី បានមានប្រសាសន៍ កោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តី ជំនាញទាំងអស់ ដែលបានអនុវត្តវិធានការអន្តរាគមន៍ឆ្លើយតបបានទាន់ពេលវេលា ឆ្លើយតបភ្លាមៗទៅនឹងសភាពការណ៍ជាក់ស្តែង ក្នុងគោលដៅកាត់ផ្តាច់ការចម្លងមេរោគរាតត្បាតជម្ងឺកូវីដ១៩ និងរកឲ្យឃើញអ្នកពាក់ព័ន្ធទាំងអស់ ជៀសវាងសភាពការណ៍ទុំជោ រហូតដល់មិនអាចគ្រប់គ្រងបាន។ នេះជាប្រសាសន៍ របស់ឯកឧត្តមតាមរយៈបណ្តាញសង្គម Facebook របស់ឯកឧត្តមផ្ទាល់ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។
ឯកឧត្តម ក៏បានជម្រាបជូន ដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនអោយបានជ្រាបថា កន្លងមករដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ១ករណី នៅស្រុកតាវែង ខេត្តរតនគិរី ដោយយោងតាមលទ្ធផលវិភាគសំណាកអ្នកសង្ស័យ។
ទន្ទឹមគ្នានេះ ដោយមានការសង្ស័យ បានធ្វើការផ្ទៀងផ្ទាត់ឡើងវិញ និងកំពុងរង់ចាំការធ្វើតេស្តសំណាកលើកទី២។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ យើងនៅតែបន្តអនុវត្តវិធានការចត្តាឡីស័កតាមផ្ទះ អ្នកដែលធ្វើដំណើរចូលខេត្តទាំងអស់ និងសូមអនុវត្តឲ្យបាននូវវិធានការ ៣កុំ ៣ការពារ ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។