សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចាក់វ៉ាក់សាំងកូវីដ១៩ ដល់អ្នកលក់ត្រី អ្នកលក់បន្លែនិងអ្នករកស៊ីតាមផ្សារ នៅរាជធានីភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរៀបចំចាក់វ៉ាក់សាំងដល់អ្នកលក់ត្រី អ្នកលក់បន្លែ អ្នករកស៊ីតាមផ្សារ ឱ្យបានឆាប់បំផុត។

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរៀបចំចាក់វ៉ាក់សាំងដល់អ្នកលក់ត្រី អ្នកលក់បន្លែ  អ្នករកស៊ីតាមផ្សារ ឱ្យបានឆាប់បំផុត។

នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ច និងលោកអភិបាលរាជធានី តាមរយៈសារសំឡេង នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ នេះ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា “ខ្ញ៉ំសូមស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងនាមជាប្រធានគណៈកម្មការចំពោះកិច្ច និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំជាបន្ទាន់ចាក់វ៉ាក់សាំងឲ្យអ្នកលក់ត្រី អ្នកលក់បន្លែបង្ការផ្សេងៗ អ្នករកស៊ីដែលមានផលប៉ះពាល់បញ្ហាប្រឈមតាមទីផ្សារ ត្រូវរៀបចំចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស បំផុតជូនពួកគាត់”។

សម្តេចតេជោ បន្ថែមថា “រាជធានីភ្នំពេញ ក្លាយទៅជាចំណុចសំខាន់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជាទីកន្លែងដែលត្រូវទប់ស្កាត់”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា បានអនុញ្ញាតឲ្យយកវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូស ផ្ដល់ជូនសម្រាប់អ្នកដែលមានបញ្ហាប្រឈមនឹងហានិភ័យ ដូចជាអ្នករត់រម៉កកង់បី តាក់ស៊ី អ្នកប្រមូលសំរាមស៊ីនទ្រី អ្នកលក់ដូរ លក់ត្រី លក់បន្លែបង្ការផ្សេងៗ ដែលហៅថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ 

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ចំនួន ៤០ម៉ឺនដូស ស៊ីណូហ្វាម គឺយើងអាចប្រើប្រាស់បាន បន្ថែមពីលើដែលយើងបានចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា ទៅឱ្យមនុស្សចាស់ដែលមានវ័យ ៦០ ឆ្នាំឡើងកន្លងទៅ”។

ជាមួយនឹងការយកចិត្តទុកដាក់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេច ក៏បានណែនាំឲ្យលោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ត្រូវរៀបចំបញ្ជីឈ្មោះ និងរៀបចំទីតាំងចាក់វ៉ាក់សាំងឲ្យបានឆាប់បំផុតជូនអ្នកដែលមានបញ្ហាប្រឈម ដែលរស់នៅតាមផ្សារ ប្រកបមុខរបរតាមផ្សារ ទាំងអ្នកយាមផ្សារ និងអ្នកពាក់ព័ន្ធទៅនឹងការលក់ដូរនៅផ្សារ រួមជាមួយនឹងអ្នកដឹកជញ្ជូននៅតាមទីផ្សារផងដែរ៕

Leave a Reply