ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសបើកយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ។
ក្នុងឱកាសប្រកាសបើកយុទ្ធនាការនេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា «ដោយសារយើងមើលឃើញថាការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើងក្នុងទ្រង់ទ្រាយធំដូចជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើង បាត់បង់ម្ចាស់ការនៅតាមតំបន់នីមួយៗ ដូច្នេះហើយទើបរដ្ឋាភិបាលបានសម្រេចចិត្តមានតែធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នេះឲ្យបានគ្រប់គ្នា ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលជំងឺនេះបាន » ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា ខេត្តកំពង់ចាមកន្លងមកបានរងឥទ្ធិពលនៃការឆ្លងជំងឺកូវីដ-១៩ មកពីតាមបណ្តាខេត្តផ្សេងៗ ពោលគឺមិនមានជំងឺនេះផ្ទុះឡើងឯងៗ នៅក្នុងសហគមន៍នោះទេ ដូច្នេះប្រការដែលយើងបានចាក់វ៉ាក់សាំង គឺយើងទទួលបានការគាំពារ និងការ ការពារបានរហូតដល់ទៅក្នុងរង្វង់ ៩០% រួចផុតពីការឆ្លងជំងឺដ៏សាហាវនេះ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា ក្នុងផែនការយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២នេះ គឺជាទ្រង់ទ្រាយធំ ដែលរដ្ឋបាលខេត្តបានរៀបចំទីតាំងទទួលចាក់វ៉ាក់សាំង សរុបមាន ២៩ទីតាំង នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាមតែម្តង។
ក្នុងនោះដែរ មានគ្រូពេទ្យសរុប៤១ក្រុម ក្នុងក្រុមនីមួយៗ មានគ្រូពេទ្យ១០នាក់ អាចមានលទ្ធភាពទទួលការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ ចំនួន ៦០០នាក់ក្នុង១ថ្ងៃ ៕