ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសូមឱ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំង អោយបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណ:ទ្រង់ទ្រាយធំ។
សម្ដេចតេជោ បានបន្តថា តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកំរិត១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី សូមឱ្យបងប្អូនជនរួមជាតិ អនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ៕