អាមេរិក៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាល (UNSC) នៅថ្ងៃអង្គារនេះ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ប៉ុន្តែមិនបានចាត់វិធានការភ្លាមៗទេ បើទោះបីសហរដ្ឋអាមេរិកនិយាយថា ស្ថាប័នពិភពលោកមួយនេះកំពុងពិចារណាលើវិធានការថ្មីក៏ដោយ ។
មិនមានសេចក្តីថ្លែងការណ៍ណាមួយចេញពីក្រុមប្រឹក្សាសន្តិសុខ ឬពីបណ្តាប្រទេសអឺរ៉ុប បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររយៈពេលកន្លះម៉ោងនោះទេ ដែលផ្ទុយស្រឡះពីមួយឆ្នាំមុន នៅពេលប្រទេសអឺរ៉ុបចំនួន៥បានថ្កោលទោសការសាកល្បងមីស៊ីលមុនៗថា ជា “ការបង្កហេតុ” ។ ទន្ទឹមគ្នា កូរ៉េខាងជើងបានប្រកាសថ្កោលទោសកិច្ចប្រជុំខាងលើនេះ ដែលត្រូវបានកោះដោយអង់គ្លេស អេស្តូនី បារាំង អៀរឡង់ និងន័រវែស ។
បើតាមអ្នកការទូតម្នាក់ មានការព្រួយបារម្ភដែលបង្ហាញដោយសមាជិកភាគច្រើននៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារម្សិលមិញ និងការអំពាវនាវជាថ្មីឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ បើទោះបីជាគ្មានសេចក្តីថ្លែងការណ៍ណាមួយត្រូវបានគ្រោងទុកក៏ដោយ ៕