អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃដិន បានប្រកាសពីការកំណត់វិធានការណ៍ឆ្លើយតបមួយ ចំពោះការកើនឡើងនូវអំពើហិង្សាប្រឆាំងជនជាតិអាមេរិកដើមកំណើតអាស៊ី ក្នុងនោះរួមមានការបញ្ចេញកញ្ចប់ថវិកា៤៩,៥លានដុល្លារ ដែលបានមកពីមូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីផ្តល់ជូនដល់កម្មវិធីសហគមន៍អាមេរិកដែលជួយដល់ជនរងគ្រោះ ។
មន្រ្តីសេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងយុត្តិធម៌អាមេរិកបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការកើនឡើងចំនួនបទល្មើសនៃអំពើស្អប់ខ្ពើម ដែលកំណត់គោលដៅលើជនជាតិអាមេរិកដើមកំណើតអាស៊ី ។ ទន្ទឹមគ្នា លោក ចូ បៃដិន បានបង្ហោះសារនៅលើធ្វីតធើថា យើងមិនអាចទ្រាំនៅស្ងៀមនៅពេលប្រឈមមុខនឹងការកើនឡើងនូវអំពើហិង្សាប្រឆាំងនឹងពលរដ្ឋអាមេរិកដើមកំណើតអាស៊ីបាននោះទេ… ការវាយប្រហារទាំងនេះគឺជាអំពើខុសទាំងស្រុង… ដែលមិនសមជាជនជាតិអាមេរិកឡើយ ហើយត្រូវតែបញ្ឈប់ ។
ការប្រកាសពីវិធានការថ្មីខាងលើនេះបានកើតមានឡើងបន្ទាប់ពីមានករណីបាញ់ប្រហារដ៏សាហាវនៅក្នុងទីក្រុងអាត្លង់តា នៅដើមខែមីនានេះ ដែលបណ្តាលអោយមនុស្ស៨នាក់បាត់បង់ជីវិត ហើយក្នុងចំណោមពួកគេនោះ មាន៦នាក់ជាស្រ្តីពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ៕