កម្ពុជា គម្រោងបង្កើតរោងចក្រ ផលិតសំបកកង់រថយន្តនាពេលខាងមុខ

កម្ពុជា គ្រោងនឹងបង្កើតឱ្យមានរោងចក្រផលិតសំបកកង់រថយន្ត នាពេលឆាប់ៗខាងមុខនេះ បន្ទាប់គម្រោងវិនិយោគរបស់ក្រុមហ៊ុន CART TIRE CO., LTD ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តជាផ្លូវការ ក្នុងតម្លៃទុនវិនិយោគ ១៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

ភ្នំពេញ ៖ កម្ពុជា គ្រោងនឹងបង្កើតឱ្យមានរោងចក្រផលិតសំបកកង់រថយន្ត នាពេលឆាប់ៗខាងមុខនេះ បន្ទាប់គម្រោងវិនិយោគរបស់ក្រុមហ៊ុន CART TIRE CO., LTD ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តជាផ្លូវការ ក្នុងតម្លៃទុនវិនិយោគ ១៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

គម្រោងវិនិយោគនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់ផលិតកម្មដំណាំកៅស៊ូនៅក្នុងប្រទេស និងលើកកម្ពស់ស្ថិរភាពតម្លៃជ័រកៅស៊ូផងដែរ។ គម្រោងរោងចក្រនេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូបាវិត ខេត្តស្វាយរៀង។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានស្វាគមន៍ចំពោះគម្រោងនេះនៅកម្ពុជា ដោយលោកឧកញ៉ារំពឹងថា គម្រោងនេះនឹងជួយដល់ការបង្កើនផលិតកម្មកៅស៊ូ បង្កើតការងារ និងបង្កើនចំណូលពន្ធជូនរដ្ឋ។

លោកឧកញ៉ា លឹម ហេង បានបន្តថា បើសិនជាមានទីផ្សារល្អ វានឹងជួយជំរុញឲ្យអ្នកដាំកៅស៊ូអាចដាំបន្ថែមទៀត ដោយសាររយៈពេល ៧ ទៅ ៨ឆ្នាំកន្លងមកនេះ ឃើញថា តម្លៃកៅស៊ូបានធ្លាក់ថ្លៃ ដែលជាហេតុធ្វើឲ្យអ្នកដាំកៅស៊ូបែបលក្ខណៈគ្រួសារ ឬក្រុមហ៊ុនធំៗមួយចំនួន បានសម្រេចចិត្តកាប់ដើមកៅស៊ូចោលខ្លះ ដោយងាកមកដាំដំណាំផ្សេងៗជំនួសកៅស៊ូទៅវិញ ដូច្នេះបើសិនជាមានទីផ្សារល្អ អ្នកដាំកៅស៊ូនឹងអាចកើនឡើង និងកៅស៊ូដែលនៅសល់ក៏អាចរក្សាបានតម្លៃទៅថ្ងៃអនាគតផងដែរ។

បើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែមករា ដើមឆ្នាំ ២០២១ កម្ពុជា បាននាំចេញជ័រកៅស៊ូជាង ៥ម៉ឺនតោន និងរកចំណូលបានជាង ៨៤លានដុល្លារអាមេរិក ក្នុងពេលដែលតម្លៃជ័រកៅស៊ូជាមធ្យមថ្លៃ ១៦០៣ដុល្លារ ក្នុងមួយតោន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួនជាង ៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួនជាង ២៩ម៉ឺនហិកតា ស្មើនឹង ៧២ភាគរយ និងផ្ទៃដីថែទាំ ដែលមានចំនួនជាង ១១ម៉ឺនហិក តា ស្មើនឹង ២៨ភាគរយ។ ក្នុងឆ្នាំ២០២០កន្លងទៅ ប្រទេសកម្ពុជា បានធ្វើការនាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ដោយទទួលបានចំណូលជាង ៤៨២ លានដុល្លារ។ ជ័រកៅស៊ូកម្ពុជាភាគច្រើន បាននាំចេញទៅទីផ្សារប្រទេសវៀតណាម ចិន និងសឹង្ហបុរីជាដើម៕

Leave a Reply